លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំប្រទេសវៀតណាម និងលោកស្រី Mizukami Yurie អ្នកគ្រប់គ្រងគម្រោងនៃអង្គការ Plan International Japan បានចុះហត្ថលេខាលើកិច្ចសន្យាជំនួយនេះ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ ស្ថានទូតជប៉ុនប្រចាំវៀតណាម)

គម្រោងនេះរួមមានការសាងសង់ និងការជួសជុលអន្តេវាសិកដ្ឋាន ការដំឡើងសម្ភារៈអនាម័យ និងការជួសជុលបន្ទប់ផ្ដល់យោបល់ បន្ទប់សុខាភិបាលនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២៦ នៅក្នុងឃុំចំនួន ៦ នៃខេត្ត Tuyen Quang និងឃុំចំនួន ៣ នៃខេត្ត Lai Chau។ ថវិកាសរុបនៃគម្រោងប្រហែល ៤៦ ពាន់លានដុង ហើយត្រូវបានអនុវត្តក្នុងរយៈពេលបីឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៨។ យោងតាមកិច្ចសន្យាដែលបានចុះហត្ថលេខា ភាគីជប៉ុននឹងផ្តល់ជំនួយប្រមាណ ១៥ ពាន់លានដុងសម្រាប់ឆ្នាំទីពីរនៃគម្រោង។

ទន្ទឹមនឹងនោះ គម្រោងនេះក៏នឹងផ្តោតលើការលើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងសាលារៀន អំពីការអប់រំផ្លូវភេទ ព្រមទាំងលើកកម្ពស់ការយល់ដឹងសម្រាប់សិស្ស សហគមន៍ និងឪពុកម្តាយអំពីយេនឌ័រ សុខាភិបាល សិទ្ធិបន្តពូជ និងសមភាពយេនឌ័រនៅក្នុងសាលារៀន។

ថ្លែងក្នុងឱកាសនេះ លោក Ito Naoki បានសម្តែងក្តីសង្ឃឹមថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំដំបូងនឹងត្រូវបានពង្រីក ហើយសកម្មភាពរបស់ Plan International ក្នុងឆ្នាំទីពីរនឹងបន្តរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់នានានៃគម្រោង។

នេះគឺជាសកម្មភាពមួយដែលផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនៅប្រទេសជប៉ុន ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្រិតមូលដ្ឋាន៕

បកប្រែដោយ Thuy Anh