វៀតណាម និងអង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមអភិបាលកិច្ចបច្ចេកវិទ្យាសកល
កប.អនឡាញ - នៅថ្ងៃទី១៦ ខែមករា លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលលោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកបច្ចេកវិទ្យា។
ក្នុងកិច្ចប្រជុំ លោក Dang Hoang Giang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តឯកសារឌីជីថលសកល ដែលរួមចំណែកដល់ការតម្រង់ទិសសម្រាប់អភិបាលកិច្ចបច្ចេកវិទ្យាសកលតាមទិសដៅបរិយាប័ន្ន សន្តិសុខ និងនិរន្តរភាព។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការអភិវឌ្ឍសមត្ថភាព និងការពង្រឹងការភាពខ្លួនទីពឹងខ្លួនក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាអាទិភាពយុទ្ធសាស្ត្រ។
    |
 |
|
លោក Dang Hoang Giang និងលោក Amandeep Singh Gill |
លោក Dang Hoang Giang ស្នើឲ្យអង្គការសហប្រជាជាតិបង្កើនការចូលរួមរបស់វិស័យឯកជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយស្នើឲ្យរៀបចំវេទិកាធុរកិច្ចបច្ចេកវិទ្យាដោយទទួលការជួយគាំទ្រពីអង្គការសហប្រជាជាតិ និងអាស៊ាន។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឲ្យអង្គការសហប្រជាជាតិបង្កើតលក្ខណៈងាយស្រួលសម្រាប់វៀតណាមចូលរួមកាន់តែស៊ីជម្រៅក្នុងយន្តការស្រាវជ្រាវ ការផ្តល់យោបល់ដល់គោលនយោបាយ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) របស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាវិទ្យាសាស្រ្តអន្តរជាតិស្ដីពី AI និងបណ្តាញលើកកម្ពស់សមត្ថភាព AI។
លោក Amandeep Singh Gill បានកោតសរសើរចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកស្វាគមន៍ការចូលរួមរបស់វៀតណាមនៅក្នុងបណ្តាញលើកកម្ពស់សមត្ថភាព AI។
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមអភិបាលកិច្ចបច្ចេកវិទ្យាសកល ក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត៕
បកប្រែដោយ Thuy Anh