ហុងកុងត្រៀមខ្លួនចែករំលែកបទពិសោធន៍គ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាមួយវៀតណាម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ហុងកុង (ចិន) នាថ្ងៃទី១៩ ខែធ្នូ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានទទួលជួបលោក Lijiachao ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយោគយល់គ្នារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ វៀតណាម-ចិន និងលទ្ធផលនៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំវៀតណាម និងហុងកុង ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ ជំរុញការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ ពង្រីក និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ ដោយហុងកុងត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ជាពិសេសការកសាង និងប្រតិបត្តិការផ្សារហ៊ុនមាស។
    |
 |
|
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោក Lijiachao ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង |
ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ជាយុទ្ធសាស្ត្រ លើកទឹកចិត្តអង្គភាពអាជីវកម្មហុងកុងឱ្យវិនិយោគលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការធ្វើបរិវត្តកម្មថាមពល ការតភ្ជាប់ទីផ្សារភាគហ៊ុនទាំងពីរ និងគាំទ្រអង្គភាពអាជីវកម្មវៀតណាមដែលចុះបញ្ជីនៅលើទីផ្សារហុងកុង។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការគាំពារពលរដ្ឋ យុត្តិធម៌ និងការអនុវត្តច្បាប់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅហុងកុង។ ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសិក្សារបស់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យឈានមុខគេនៅទីក្រុងហុងកុង លោក Lijiachao ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានសម្តែងនូវការត្រៀមខ្លួនជាស្រេចផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតវៀតណាមឆ្នើមៗ និងមានបំណងចង់ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងពលកម្ម សម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងយន្តការ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ដែលភាគីទាំងពីរជាសមាជិក រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី និងការអភិវឌ្ឍរួមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕
បកប្រែដោយ Huyen Trang