លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៨ ខែធ្នូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនក្នុងតំបន់ និងអន្តរជាតិដែលកំពុងលេចចេញនាពេលថ្មីៗនេះ។
ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ចាប់តាំងពីទំនាក់ទំនងនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានឯកភាពគ្នាអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលឆ្នាំ២០២៥-២០៣០ និងស្វែងយល់ពីការបង្កើតយន្តការសហប្រតិបត្តិការថ្មីៗ រួមទាំងយន្តការសន្ទនាយុទ្ធសាស្ត្ររវាងបក្សកាន់អំណាចទាំងពីរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី |
លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់ប្រទេសទាំងពីរក្នុងការសិក្សាស្រាវជ្រាវគម្រោងនាំចេញថាមពលខ្យល់ពីវៀតណាមទៅកាន់សិង្ហបុរី។ លោកក៏បានសម្តែងក្តីសង្ឃឹមថា សិង្ហបុរីនឹងចូលរួមក្នុងរាល់មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាមនៅទីក្រុងហូជីមិញ និង Da Nang បន្តជួយវៀតណាមអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និងធ្វើឱ្យទំនាក់ទំនងវៀតណាម-សិង្ហបុរីក្លាយជាគំរូនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសន្ទនានៅក្នុងតំបន់។
ដោយយល់ស្របនឹងរាល់ការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីសិង្ហបុរី បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃស្ថានភាពតំបន់ដ៏ស្មុគស្មាញនេះ សិង្ហបុរីចង់រួមជាមួយវៀតណាមអនុវត្តជាក់ស្តែងនូវរាល់សកម្មភាពឱ្យសមស្របនឹងទំនាក់ទំនាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបង្កើតថ្មីៗនេះ ឱ្យក្លាយជា "ប៉មភ្លើងហ្វាសមុទ្រ" នៅក្នុងអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ដោយផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងថ្មីៗរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថាភាគីទាំងពីរនេះនឹងអត់ធ្មត់ ចៀសវាងការប្រើប្រាស់កម្លាំង ធ្វើការសន្ទនា និងដោះស្រាយបញ្ហាតាមរយៈសន្តិវិធី។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ានដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព រក្សាមជ្ឈភាពរបស់អាស៊ាន និងលើកកម្ពស់យន្តការអាស៊ាន ដើម្បីជំរុញការសន្ទនា រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសម្របសម្រួល និងទាញយកអត្ថប្រយោជន៍ពីយន្តការអាស៊ានប្រកបដោយប្រសិទ្ធភាព នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC និងសិង្ហបុរីធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៧៕
បកប្រែដោយ Minh Trung