លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ
កប.អនឡាញ - នៅរសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំកម្រិតរដ្ឋមន្ត្រីលើកទី១២។
ក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងក្រសួងការបរទេសទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានខ្លឹមសារសម្បូរបែប និងជាក់ស្តែងជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងឡាវ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីររៀបចំមហាសន្និបាតរបស់បក្សនីមួយៗបានជោគជ័យ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេសទាំងពីរដើរតួនាទីស្នូលក្នុងការលើកកម្ពស់ ផ្តល់យោបល់ ណែនាំ ត្រួតពិនិត្យ និងជំរុញឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ កិច្ចព្រមព្រៀងទ្វេភាគី ក៏ដូចជាលទ្ធផលដែលសម្រេចបាននៅក្នុងសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង និងវិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរពិនិត្យឡើងវិញជាបន្ទាន់នូវវិស័យសហប្រតិបត្តិការនានា សម្របសម្រួលក្នុងការដោះស្រាយឧបសគ្គចំពោះគម្រោងសំខាន់ៗ និងខិតខំរួមគ្នាដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឡើងកម្រិតកម្ពស់ថ្មីមួយ ឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងកាន់តែជិតស្និទ្ធ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួលជាមួយប្រទេសអាស៊ាន លើកកម្ពស់សាមគ្គីភាព និងឯកភាពក្នុងអាស៊ាន បង្កើនតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោក Thongsavanh Phomvihane បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ។ លោក Thongsavanh Phomvihane បានពាំនាំការសួរសុខទុក្ខរបស់ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ។ លោក Thongsavanh Phomvihane បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះទំនាក់ទំនងមិត្តភាព និងការគាំទ្រ និងជំនួយដ៏មានតម្លៃ ដែលវៀតណាមបានផ្តល់ឱ្យប្រទេសឡាវក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យភាពរបស់ខ្លួនកាលពីអតីតកាល ក៏ដូចជានៅក្នុងដំណើរការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។
លោក Thongsavanh បានយល់ស្របទាំងស្រុងជាមួយនឹងខ្លឹមសារដែលលើកឡើងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ លោកបានជម្រាបជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រី អំពីលទ្ធផលនៃការពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំកម្រិតរដ្ឋមន្ត្រីលើកទី ១២ និងបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិ៕
បកប្រែដោយ Duy Hoan