លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចេញដំណើរទៅកាន់ប្រទេសឡាវ ចូលរួមសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ
កប.អនឡាញ- នៅព្រឹកថ្ងៃទី២ ខែធ្នូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សបដិវត្តន៍ប្រជាជនឡាវ និងអញ្ជើញជាសហអធិបតីនៃសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។
ដំណើរទស្សននេះបានធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងនយោបាយ និងការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ ដែលត្រូវបានបន្តពង្រឹង និងពង្រីកដោយឥតឈប់ឈរ ព្រមទាំងបញ្ជាក់ពីតួនាទីស្នូល និងទិសដៅទូទៅនៅក្នុងទំនាក់ទំនងទ្វេភាគី។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើនជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៤ សម្រេចបាន ២,២៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២,៥៦ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចេញដំណើរចូលរួមសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ (រូបថត៖ baochinhphu.vn) |
គិតត្រឹមដល់ខែមេសា ឆ្នាំ ២០២៥ វៀតណាមមានគម្រោងវិនិយោគចំនួន ២៦៧ នៅក្នុងប្រទេសឡាវ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦៣ ពាន់លានដុល្លារអាមេរិក។ គម្រោងវិនិយោគរបស់វៀតណាមជាច្រើនកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពដែលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់កម្មកររាប់ពាន់នាក់ និងបង្កើនថវិការបស់ឡាវ ជាពិសេសនៅក្នុងវិស័យទូរគមនាគមន៍ ធនាគារ ការដាំដុះ និងកែច្នៃកៅស៊ូ ការផលិត និងកែច្នៃចំណីអាហារ និងទឹកដោះគោ។
សន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ៗល បន្ដត្រូវបានជំរុញយ៉ាងខ្លាំង ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងតំបន់។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសហការជាមួយប្រទេសសមាជិកអាស៊ានដទៃទៀតក្នុងការកសាងសហគមន៍អាស៊ាន និងរក្សាសាមគ្គីភាព និងការឯកភាពគ្នារបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រនៅក្នុងតំបន់...
ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទៅចូលរួមសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ មានអត្ថន័យយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅដែលបានកំណត់នៅក្នុងជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ជាពិសេសគឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង រួមចំណែកដល់ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។
នៅក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ គណៈប្រតិភូរដ្ឋាភិបាលទាំងពីរនឹងពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងក្នុងផែនការសហប្រតិបត្តិការវៀតណាម-ឡាវសម្រាប់ដំណាក់កាល ២០២១-២០២៥ និងឆ្នាំ២០២៥ ព្រមទាំងពិភាក្សានិងឯកភាពលើទិសដៅ និងភារកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងឆ្នាំ ២០២៦ ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការសន្និដ្ឋាននៃជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួនដែលរួមចំណែកអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវទិសដៅសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Pham Diep