សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមនៅមានច្រើនណាស់
កប.អនឡាញ - នៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
លោក Wei Tao បានអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយសម្តែងការចែករំលែក និងទំនុកចិត្តថា បក្ស និងរដ្ឋាភិបាលវៀតណាមនឹងដឹកនាំប្រជាជនឲ្យយកឈ្នះលើផលវិបាកនៃព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ខេត្តក្វាងស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដោយប្តេជ្ញាចិត្តអនុវត្តទស្សនៈរួមកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខេត្តក្វាងស៊ីតែងតែមានតួនាទីដ៏សំខាន់ ដោយនាំមុខគេក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សក្តានុពលម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមនៅតែមានច្រើនណាស់។
ក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។
ចំពោះកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី ជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចវៀតណាម ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងវៀតណាម និងខេត្តក្វាងស៊ី ដោយផ្តោតលើផ្លូវដែកស្តង់ដារពីរគឺ Lang Son -ហាណូយ និង Mong Cai – Ha Long – Hai Phong កសាងសាកល្បងគំរូច្រកទ្វារព្រំដែនឆ្លាតវៃនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi - Youyi Guan និងច្រកទ្វារព្រំដែនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សេងទៀត ក្នុងពេលឆាប់ៗនេះ...។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីទាំងពីរជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចបៃតង ថាមពលស្អាត វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសក្នុងវិស័យអនុវត្តបញ្ញាសិប្បនិម្មិត កិច្ចសហការក្នុងការកសាងសំណង់ធំៗ ដែលជានិមិត្តរូបក្នុងទំនាក់ទំនងទ្វេភាគី គ្រប់គ្រងព្រំដែនគោកឲ្យបានល្អ ផ្លាស់ប្ដូរ និងដោះស្រាយយ៉ាងសកម្មនូវឧប្បត្តិហេតុដែលកើតឡើង កសាងព្រំដែនគោកវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោក Wei Tao បានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសវៀតណាមនៅតែមានច្រើនណាស់។ លោកសង្ឃឹមថាភាគីទាំងពីរនឹងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាម ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់មូលដ្ឋាន និងប្រជាជននៃភាគីទាំងពីរ។ល។
បកប្រែដោយ Thuy Anh