ជម្នះផលវិបាកនៃសង្គ្រាមរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី គណៈប្រតិភូនៃគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (ហៅកាត់ថាគណៈកម្មាធិការដឹកនាំ) ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងជាសមាជិកនៃគណៈកម្មាធិការដឹកនាំ ថ្មីៗនេះបានជួបប្រជុំធ្វើការជាមួយលោក Peter Khalil សហរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។
លោកឧត្តមសេនីយ៍ឯក Le Quang Minh បានមានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការជាច្រើនដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ ជាពិសេស ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាដំណោះស្រាយដ៏សំខាន់មួយ ដែលជួយវៀតណាមឱ្យមានប្រភពព័ត៌មាន និងឯកសារកាន់តែច្រើនទាក់ទងនឹងយោធិនដែលបានពលីជីវិតក្នុងសង្គ្រាម។ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានស្នើឱ្យក្រសួងការពារជាតិអូស្ត្រាលីដឹកនាំអង្គភាពពាក់ព័ន្ធបន្តប្រមូល ចែករំលែក និងផ្តល់ព័ត៌មានអំពីកងទ័ពវៀតណាមដែលបានពលីជីវិត បាត់ព័ត៌មាន ឬបាត់ខ្លួនកាលពីអតីតកាល។ ក្នុងពេលជាមួយគ្នានេះ បន្តគាំទ្រវៀតណាមក្នុងការចែករំលែកបទពិសោធន៍ និងអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ ស្រង់ឯកសារ បម្រើការងាររុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
លោក Peter Khalil បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសអូស្ត្រាលី។ ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងមានការយកចិត្តទុកដាក់រួមក្នុងការរុករកយោធិនដែលបាត់ខ្លួនក្នុងសង្គ្រាម។ ការគាំទ្រវៀតណាមឱ្យយកឈ្នះលើផលវិបាកនៃសង្គ្រាម រួមទាំងការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចដ៏មានអត្ថន័យ មនុស្សធម៌ ដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Peter Khalil បានបញ្ជាក់ថា អូស្ត្រាលីនឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងការពន្លឿនវឌ្ឍនភាពនៃការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនដែលបានពលីជីវិតក្នុងសង្គ្រាម។ ក្នុងពេលជាមួយគ្នានេះ ចង់ពង្រឹងសកម្មភាពសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្ថែមទៀត ស្របតាមតម្រូវការ និងផលប្រយោជន៍របស់ភាគីទាំងពីរ៕
បកប្រែដោយ Duy Hoan