លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធី “រួបរួមគ្នាចិត្តតែមួយ ឆ្ពោះទៅតំបន់ភាគកណ្តាលប្រទេស”
កប.អនឡាញ - នៅល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម (ហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពគ្រប់ជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម ឆ្នាំ ២០២៥” ក្រោមប្រធានបទ “រួបរួមចិត្តតែមួយ ឆ្ពោះទៅតំបន់ភាគកណ្តាលប្រទេស”។
ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី បានអបអរសាទរ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំបន់មូលដ្ឋាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលរួមក្នុងការអភិវឌ្ឍវប្បធម៌នាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីក៏បានសរសើរជាពិសេសចំពោះតួនាទីរបស់ក្រុមសិប្បករ អ្នកមានកិត្យានុភាពនៅក្នុងសហគមន៍ និងបងប្អូនជនរួមជាតិភាគតិចដែលជា “កំណប់ទ្រព្យរស់” ដែលកំពុងថែរក្សាអណ្តាតភ្លើងនៃវប្បធម៌ជាតិទាំងយប់ទាំងថ្ងៃ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ថែមពីលើសមិទ្ធផលដែលសម្រេចបាន យើងក៏ទទួលស្គាល់ដោយស្មោះត្រង់ថា ការងារថែរក្សាម្លៃវប្បធម៌ប្រពៃណីរបស់ក្រុមជនជាតិភាគតិចនៅតែប្រឈមមុខនឹងបញ្ហា មួយចំនួនដូចជា ភាសា អក្សរ ទំនៀមទម្លាប់កំពុងប្រឈមនឹងហានិភ័យនៃការរសាត់បាត់ទៅក្រោមផលប៉ះពាល់នៃយន្តការទីផ្សារ ការប្រែប្រួលអាកាសធាតុ និងការជ្រៀតចូលនៃវប្បធម៌បរទេសជាដើម។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌មិនត្រឹមតែជាការទទួលខុសត្រូវខាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយសម្រាប់យើងដើម្បីគោរពអតីតកាល អប់រំយុវជនជំនាន់ក្រោយ និងកសាងអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនវៀតណាមផងដែរ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា យើងត្រូវតែមានការប្តេជ្ញាចិត្តកាន់តែខ្លាំង ខិតខំប្រឹងប្រែងកាន់តែខ្លាំង ចាត់វិធានការខ្លាំងក្លាជាងមុន រួមបញ្ចូលគ្នានូវកម្លាំងខាងក្នុងរបស់ប្រទេសជាតិជាមួយនឹងកម្លាំងនៃសម័យកាលតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីជំនះ និងយកឈ្នះលើការលំបាក និងបញ្ហាប្រឈមទាំងនេះ។
    |
 |
|
ការសម្តែងសិល្បៈក្នុងកម្មវិធី “រួបរួមគ្នាចិត្តតែមួយ ឆ្ពោះទៅតំបន់ភាគកណ្តាលប្រទេស” |
លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រប់កម្រិត វិស័យ និងមូលដ្ឋានផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗដូចខាងក្រោម៖
ទីមួយ បន្តបញ្ជ្រាបឱ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់បក្សស្តីពីការកសាង និងអភិវឌ្ឍវប្បធម៌ និងប្រជាជនវៀតណាម ដោយចាត់ទុកការអភិរក្ស និងលើកកម្ពស់វប្បធម៌ជនជាតិភាគតិចជាភារកិច្ចប្រចាំ និងរយៈពេលវែង និងជាការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល។ រួមបញ្ចូលវានៅក្នុងកម្មវិធីសកម្មភាពជាក់លាក់មួយ ដោយធានាបាននូវភាពជាអ្នកដឹកនាំយ៉ាងជិតស្និទ្ធ និងការចូលរួមយ៉ាងទូលំទូលាយពីប្រជាជន។
ទីពីរ បង្គ្រប់ស្ថាប័ន គោលនយោបាយ និងចេញយន្តការគាំទ្រសម្រាប់សិប្បករ ភូមិសិប្បកម្ម សហគ្រាសវប្បធម៌ អភិវឌ្ឍផលិតផលវប្បធម៌ និងទេសចរណ៍ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។
ទីបី ផ្សារភ្ជាប់ការងារអភិរក្សយ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឱ្យវប្បធម៌ក្លាយជាទ្រព្យសម្បត្តិពិតប្រាកដ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជន និងសហគមន៍។ ពង្រឹងការអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់បេតិកភណ្ឌ កសាងគំរូទេសចរណ៍សហគមន៍ដើម្បីជួយប្រជាជននៅតំបន់ដាច់ស្រយាល និងជនជាតិភាគតិចចូលរួម និងទទួលបានអត្ថប្រយោជន៍។
ទីបួន យកចិត្តទុកដាក់លើការអភិវឌ្ឍស្ថាប័នវប្បធម៌មូលដ្ឋាន ជាពិសេសនៅតំបន់ជនជាតិភាគតិច ដោយធានាបាននូវការរីករាលដាល និងភាពយុត្តិធម៌ក្នុងការរីករាយនឹងវប្បធម៌។ ពង្រឹងការឃោសនា និងការអប់រំអំពីតម្លៃនៃសាមគ្គីភាពជាតិក្នុងចំណោមយុវជនជំនាន់ក្រោយ។
ទីប្រាំ លើកកម្ពស់តួនាទីរបស់ភូមិវប្បធម៌ និងទេសចរណ៍ជនជាតិភាគតិចវៀតណាម ជាមជ្ឈមណ្ឌលវប្បធម៌ជាតិ និងអន្តរជាតិ ដោយរៀបចំសកម្មភាពផ្លាស់ប្តូរ និងសម្តែងវប្បធម៌។ ភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម ត្រូវបន្តទទួលបានការវិនិយោគរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ប្រកបដោយចីរភាព បង្កើនការទទួលស្វាគមន៍សិប្បករ និងបងប្អូនជនរួមជាតិភាគតិចមកសម្តែងវប្បធម៌។
“រួបរួមចិត្តតែមួយ ឆ្ពោះទៅតំបន់ភាគកណ្តាលប្រទេស” បង្ហាញពីទឹកចិត្ត និងសាមគ្គីជាតិក្នុងគ្រាលំបាកនៃប្រទេសជាតិវៀតណាម។ ខ្ញុំសូមអំពាវនាវឱ្យជនរួមជាតិទាំងមូលរួបរួមគ្នា ចែករំលែកការលំបាកសុខទុក្ខជាមួយប្រជាជនតំបន់ភាគកណ្តាលប្រទេសយើងដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលពីទឹកជំនន់។ ខ្ញុំជឿជាក់ថា ដោយមានកម្លាំងសាមគ្គីជាតិ យើងនឹងជំនះការលំបាកទាំងឡាយជាមួយគ្នាប្រកបដោយជោគជ័យ កសាងប្រទេសវៀតណាមដ៏រឹងមាំ អរិយធម៌ វិបុលភាព និងរីកចម្រើន ហើយឈានទៅមុខជាលំដាប់” លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បែបនេះ។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សប្តាហ៍នៃ “មហាសាមគ្គីភាពជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម” នឹងក្លាយជាព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយស្មារតីសាមគ្គីភាព បង្កើនការយល់ដឹងអំពីការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិដើម្បីឱ្យវប្បធម៌បន្តបំភ្លឺមាគ៌ាដើម្បីឱ្យកម្លាំងនៃសាមគ្គីភាពបន្តណែនាំផ្លូវ និងដើម្បីឱ្យជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀតបន្តដើរតាមគន្លងដែលបុព្វបុរសរបស់យើងយ៉ាងរឹងមាំ បន្តសរសេរទំព័រដ៏រុងរឿងនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមដ៏អង់អាចក្លាហាន។
បកប្រែដោយ Minh Trung