លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួម និងលើកសំណើការធានាជាយុទ្ធសាស្ត្រចំនួន ៣ ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព និងមិនទុកនរណាម្នាក់ចោលឡើយ។
វៀតណាមត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសដទៃទៀត
កិច្ចប្រជុំកំពូល G20 បានធ្វើឡើងនៅថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិក G20 និងប្រទេស ចំនួន ២០ ជាភ្ញៀវកិត្ដិយស រួមទាំងមេដឹកនាំចំនួន ២១ នាក់ នៃអង្គការអន្តរជាតិ និងតំបន់។
នៅថ្ងៃធ្វើការដំបូង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំផ្សេងបានចូលរួមសម័យប្រជុំសំខាន់ៗចំនួនពីរ ក្រោមប្រធានបទ "អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន - មិនទុកនរណាម្នាក់ចោល" និង "ការចូលរួមចំណែករបស់ G20 ចំពោះពិភពលោកមួយដែលខ្លួនទីពឹងខ្លួន"។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមថ្លែងក្នុងកិច្ចប្រជុំកំពូល G20 |
ថ្លែងនៅក្នុងកិច្ចប្រជុំ ដោយមានបាវចនា "សាមគ្គីភាពដើម្បីមានកម្លាំង - កិច្ចសហប្រតិបត្តិការដើម្បីមានផលប្រយោជន៍ - ការសន្ទនាដើម្បីមានទំនុកចិត្ត" លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកសំណើការធានាជាយុទ្ធសាស្ត្រចំនួន ៣ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងមិនទុកនរណាម្នាក់ចោលឡើយ។
ដើម្បីធានាស្ថិរភាពសម្រាប់ការអភិវឌ្ឍក្នុងទំនាក់ទំនងអន្តរជាតិ នយោបាយពិភពលោក និងម៉ាក្រូសេដ្ឋកិច្ចសកល លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើ G20 ត្រួយត្រាយផ្លូវក្នុងការកសាងយន្តការសហប្រតិបត្តិការអន្តរជាតិដោយការគោរពគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយចំពោះជម្លោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សម្របសម្រួលគោលនយោបាយដើម្បីទប់ស្កាត់ហានិភ័យនៃប្រព័ន្ធ ឆ្លើយតបទៅនឹងវិបត្តិ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្ដល់គំនិតផ្តួចផ្តើមបំលែងបំណុល ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសកល។
ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព ប្រព័ន្ធហិរញ្ញវត្ថុសកលដែលមានតុល្យភាព តម្លាភាពនិងបើកចំហ ហើយការទទួលបានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍដោយស្មើភាពគ្នា លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើ G20 ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនិងមិនប្រើកត្ដានយោបាយសម្រាប់សកម្មភាពវិទ្យាសាស្ត្រនិងពាណិជ្ជកម្ម គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដោយគោលនយោបាយពាណិជ្ជកម្ម យុត្តិធម៌ ចែករំលែកផលប្រយោជន៍ អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់សមត្ថភាពនៃការធ្វើបរិវត្ដកម្មឌីជីថល បំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់បណ្ដាប្រទេស។ កែទម្រង់ WTO ដើម្បីដំណើរការកាន់តែសកម្ម និងមានប្រសិទ្ធភាព។
    |
 |
|
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល G20 |
ដើម្បីធានាបាននូវអភិបាលកិច្ចសកលដែលមានប្រសិទ្ធភាព បង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍដ៏រឹងមាំនៅក្នុងយុគសម័យនៃការធ្វើបរិវត្ដកម្ម ឌីជីថលនិងការផ្លាស់ប្តូរបៃតង លោកនាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវឱ្យ G20 និងយន្តការពហុភាគីពង្រឹងការសន្ទនា កសាងក្របខ័ណ្ឌអភិបាលកិច្ចសកល ដែលធ្វើឱ្យសេដ្ឋកិច្ច សង្គមនិងបរិស្ថានមានភាពសុខដុមរមនារវាងបច្ចុប្បន្ននិងអនាគត និងនាំមកនូវតុល្យភាពសម្រាប់ផលប្រយោជន៍រវាងបណ្ដាខឿនសេដ្ឋកិច្ច។ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត ការប្រែប្រួលអាកាសធាតុ បង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាតជាដើម។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស ក្រុមប្រទេស G20 និងសហគមន៍អន្តរជាតិ ដើម្បីពិភពលោកមួយដែលមានសន្តិភាព អរិយធម៌ វិបុលភាព អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន «មិនទុកនរណាម្នាក់ចោល» ដើម្បីឱ្យប្រជាជនទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលនៃការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។
បញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
នៅថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅទីក្រុង Johannesburg ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបទ្វេភាគីជាមួយមេដឹកនាំនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិ ដើម្បីពិភាក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែកនូវបញ្ហាអន្តរជាតិដែលមានការយកចិត្ដទុកដាក់ដូចគ្នា។
នៅក្នុងជំនួបទាំងនោះ មេដឹកនាំនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិបានសម្តែងការចូលរួមរំលែកទុក្ខជាមួយប្រជាជនវៀតណាមចំពោះការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិដោយខ្យល់ព្យុះ និងទឹកជំនន់ថ្មីៗនេះ។
នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) Khaled bin Mohamed Al Nahyan លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើ UAE បង្កើនការវិនិយោគនិងគាំទ្រវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង ព្រមទាំងជំរុញការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រវៀតណាម (GCC) ឲ្យបានឆាប់។
ព្រះអង្គម្ចាស់រាជទាយាទ Khaled bin Mohamed Al Nahyan យល់ស្របជាមួយនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ និងទេសចរណ៍ ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀង CEPA។ ហើយបានឲ្យដឹងថា នឹងចាត់បញ្ជូនគណៈប្រតិភូ UAE ក្នុងវិស័យវិនិយោគ ហិរញ្ញវត្ថុ ... នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលឆាប់ៗនេះ ដើម្បីជំរុញគម្រោងជាក់លាក់។
    |
 |
|
លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
* ក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Lula da Silva មេដឹកនាំទាំងពីរបានស្វាគមន៍និងឯកភាពគ្នាក្នុងការសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀត បើកទីផ្សារសម្រាប់ផលិតផលកសិផលរបស់គ្នាទៅវិញទៅមក និងឆាប់ចាប់ផ្តើមនិងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA) រវាងវៀតណាម និងទីផ្សារមើរខូសឺរ (Mercosur)។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាពិសេសការផលិត និងការនាំចេញកាហ្វេ។
* នៅក្នុងជំនួបជាមួយលោក Recep Tayyip Erdoğan ប្រធានាធិបតីទួរគី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទួរគី។ លោកប្រធានាធិបតី Recep Tayyip Erdoğan បានបញ្ជាក់ថា ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់អាស៊ី។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍឈានដល់កម្រិតថ្មី ហើយបានព្រមព្រៀងគ្នាបន្តខិតខំដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៤ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ ព្រមទាំងសិក្សាស្រាវជ្រាវដើម្បីកសាងក្របខ័ណ្ឌថ្មីៗ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
* នៅក្នុងជំនួបជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលរួមចំណែកដល់ការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានគាំទ្រសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រាប់ភាគីទាំងពីរឆាប់ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល និងសម្របសម្រួលអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាព។
* នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអាល់ហ្សេរី Sifi Ghrieb, ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការរីករាយចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមមកកាន់ប្រទេសនេះ ដែលបើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា ភាគីទាំងពីរនឹងធ្វើការស្រាវជ្រាវលើគម្រោងសហប្រតិបត្តិការមួយចំនួនក្នុងវិស័យកសិកម្ម និងថាមពល។
* នៅក្នុងជំនួបទ្វេភាគីជាមួយលោក Gibran Rakabuming Raka អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងវិស័យដែលមានសក្តានុពលដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ថាមពល ហើយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា នឹងរួមមួយប្រទេសសមាជិកអាស៊ានលើកកម្ពស់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន រក្សានិងពង្រឹងជំហររបស់អាស៊ានលើស្ថានភាពនៅសមុទ្រខាងកើត និងបញ្ហាអន្តរជាតិ និងតំបន់។
    |
 |
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Ajay Banga ប្រធានធនាគារពិភពលោក (WB) |
* នៅក្នុងជំនួបជាមួយលោក Ajay Banga ប្រធានធនាគារពិភពលោក (WB) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា លោកឲ្យតម្លៃចំពោះការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ធនាគារពិភពលោកក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។
លោកប្រធានធនាគារពិភពលោក Ajay Banga បានបញ្ជាក់ថានឹងបន្តគាំទ្រវៀតណាមដើម្បីធានាបាននូវគោលដៅអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យធនាគារពិភពលោកជួយគាំទ្រវៀតណាមដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សម្របសម្រួលដើម្បីលើកកម្ពស់គម្រោងទ្រង់ទ្រាយធំ ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគាំទ្រវៀតណាមឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់។
* នៅក្នុងជំនួបជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភព (WTO) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហរ តម្លាភាព យុត្តិធម៌ និងផ្អែកលើច្បាប់ដែលអង្គការពាណិជ្ជកម្មពិភពលោកដើរតួនាទីមជ្ឈិម។ លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានកោតសរសើរសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម និងស្វាគមន៍ការគាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីនិងកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
* នៅក្នុងជំនួបជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តខាងនយោបាយតាមរយៈបង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលក្លាយជាសសរស្តម្ភថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ វប្បធម៌ ទេសចរណ៍ និងមូលដ្ឋាននានា។
* ក្រៅពីនេះ លោកនាយករដ្ឋមន្ដ្រីវៀតណាមក៏បានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez៕
បកប្រែដោយ Pham Diep