លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃថាដំណើរទស្សនកិច្ចនេះមានសារៈសំខាន់នៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) និងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥។ លោកបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឆែក ដែលជាដៃគូអាទិភាពកំពូលមួយ និងជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងខាងកើត។

លោក Milos Vystrcil បានអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបាន នៅពេលកន្លងមកនេះ។ លោកបានបញ្ជាក់ថា ឆែកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Milos Vystrcil

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ឆែកលើវិស័យជាច្រើន ដោយផ្អែកលើទំនុកចិត្តនយោបាយខ្ពស់។

លោក Luong Cuong ប្រធានរដ្ឋ បានស្នើឱ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបន្តសហការដើម្បីបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ដោយនាំមកនូវផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ឆែកឲ្យបន្តអភិវឌ្ឍកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យភាគីទាំងពីរជម្រុញទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងតាមរយៈបណ្តាញផ្សេងៗគ្នា ដើម្បីពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ និងបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ដែលភាគីទាំងពីរអាចបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក។ 

ដោយយល់ស្របនឹងសំណើរបស់លោក Luong Cuong ប្រធានរដ្ឋ លោក Milos Vystrcil បានឲ្យដឹងថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងសហការដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជួយគាំទ្ររដ្ឋាភិបាលទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោកវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅឆែកចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសសាមី ហើយបញ្ជាក់ថា សភា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសឆែកនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា វៀតណាម និងឆែកនឹងបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងបញ្ហាសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ លោក Milos Vystrcil បានជម្រាបជូនលោក Luong Cuong ប្រធានរដ្ឋ ថា ឆែកនឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម ដែលមានថវិកា ៣.៥ ពាន់លានដុង តាមរយៈសមាគមកាកបាទក្រហមវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងជម្នះការលំបាក និងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Thuy Anh