លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង នាថ្ងៃទី២២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបន្តមានជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស។
ក្នុងជំនួបជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកលើគ្រប់វិស័យ ដែលបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានសម្តែងបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី ដើម្បីទាញយកប្រយោជន៍ពីភាពបំពេញបន្ថែមរវាងខឿនសេដ្ឋកិច្ចទាំងពីរ និងអត្ថប្រយោជន៍នៃការជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យកាណាដាបើកទីផ្សាររបស់ខ្លួនចំពោះទំនិញវៀតណាម ជំរុញការវិនិយោគ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់តាមទិសដៅប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា (រូបថត៖ vnanet.vn) |
លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថា កាណាដាតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងស្នើឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ដោយនាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា ឱ្យអភិវឌ្ឍកាន់តែជាក់ស្តែង ឆ្ពោះទៅរកកម្រិតកម្ពស់ថ្មីមួយ។
* ក្នុងជំនួបជាមួយលោក João Lourenço ប្រធានាធិបតីអង់ហ្គោឡា ប្រធានសហភាពអាហ្វ្រិក (AU) ឆ្នាំ២០២៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងប្រពៃណី មិត្តភាព ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក រួមទាំងអង់ហ្គោឡា ជាពិសេសលើវិស័យកសិកម្ម និងពាណិជ្ជកម្ម ដែលភាគីទាំងពីរត្រូវជំរុញការនាំចេញផលិតផលដែលជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ក្នុងបរិបទនៃការប្រកួតប្រជែងពាណិជ្ជកម្មដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន។
លោក João Lourenço ប្រធានាធិបតីអង់ហ្គោឡា បានបញ្ជាក់ពីការគាំទ្រជាប់លាប់ចំពោះវៀតណាម ក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអាហ្វ្រិក និងបណ្តាប្រទេសអាហ្វ្រិក រួមទាំងអង់ហ្គោឡា។ ប្រធានាធិបតីអង់ហ្គោឡា បានស្វាគមន៍ និងសន្យាថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមដែលចាប់អារម្មណ៍ចំពោះការវិនិយោគនៅអង់ហ្គោឡា ជាពិសេសក្នុងវិស័យកសិកម្ម ទូរគមនាគមន៍ និងថាមពល ហើយសង្ឃឹមថា វៀតណាមនឹងចាត់បញ្ជូនគណៈប្រតិភូអន្តរវិស័យ និងអង្គភាពអាជីវកម្មទៅទស្សនកិច្ចនៅអង់ហ្គោឡាក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញគម្រោងសហប្រតិបត្តិការជាក់ស្តែងដោយផ្អែកលើការតំណត់ទិសដៅ និងកិច្ចសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត (រូបថត៖ vnanet.vn) |
* ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២៤ ដោយបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីអភិវឌ្ឍកាន់តែទូលំទូលាយ និងជាក់ស្តែង។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រីកទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទ្វេភាគី និងជំរុញការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគលើគម្រោងសក្តានុពលរបស់វៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ logistic ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងគាំទ្រវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និង Da Nang ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខស្បៀងអាហារ និងឧស្សាហកម្មហាឡាល។
ដោយយល់ស្របជាមួយនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៥ និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់របស់វៀតណាម ព្រមទាំងអះអាងថា អារ៉ាប៊ីសាអូឌីតយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលជាប្រទេសមានសេដ្ឋកិច្ចស្វាហាប់ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud ក៏បានចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅ មានច្រើន ជាពិសេសនៅក្នុងបរិបទពិភពលោកវិវឌ្ឍដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិផងដែរ៕
បកប្រែដោយ Huyen Trang