ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចពិភាក្សាដ៏ជោគជ័យរវាងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ លោក To Lam អគ្គលេខាបក្ស  សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរនឹងបន្តលើកកម្ពស់តួនាទីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អនុវត្តសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការ រួមចំណែកដល់ការពង្រឹងទំនុកចិត្តខាងនយោបាយ និងទំនាក់ទំនងរវាងសមាជិកសភានៃប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋសភា រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។

លោក To Lam អគ្គលេខាបក្ស បានស្នើភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំតាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា បង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក​ To Lam អគ្គលេខាបក្ស ស្នើភាគីទាំងពីរចែក​រំលែកទស្សនៈអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពតំបន់និងអន្តរជាតិ ដោយហេតុនេះធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបជាមួយលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងការសម្របសម្រួលការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ លោក To Lam អគ្គលេខាបក្ស បានស្នើកូរ៉េខាងត្បូងបន្តលើកកម្ពស់សមត្ថភាពរបស់សហគ្រាសវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសកូរ៉េខាងត្បូង អាស្រ័យហេតុនេះ រួមចំណែកដល់គោលដៅ​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅដែលមានតុល្យភាព និងប្រកបដោយចីរភាព។

លោក To Lam អគ្គលេខាបក្ស បានស្នើភាគីទាំងពីរអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលក្លាយទៅជាសសរស្តម្ភថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ជំរុញកិច្ចសហប្រតិបត្តិការ កសាងហេដ្ឋារចនាសម្ព័ន្ធស្នូលដូចជា បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ កសាងក្របខ័ណ្ឌច្បាប់និងច្បាប់ ដើម្បីរួមគ្នាឈានចូលយុគសម័យឌីជីថលនៃ AI។

រីឯខ្លួនវិញ លោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានស្នើភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍវិស័យការពារជាតិ។ សហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងការឆបោកតាមអ៊ីនធឺណិតក្នុងតំបន់។ លោកក៏បានស្នើវៀតណាមគាំទ្រនិងដោះស្រាយការលំបាកមួយចំនួនសម្រាប់សហគ្រាសកូរ៉េខាងត្បូង ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់​សហគ្រាសកូរ៉េខាងត្បូងចូលរួមវិនិយោគលើគម្រោងសំខាន់ៗរបស់វៀតណាម ដោយហេតុនេះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ វៀត​ណាមនាពេលខាងមុខ។

លោក Woo Won Shik ប្រធានរដ្ឋសភា បានយល់ស្របជាមួយនឹងមតិយោបល់របស់លោក To Lam​​​​​ អគ្គលសខាបក្ស ព្រមទាំងសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសនៅក្នុងតំបន់ ព្រមទាំងបញ្ជាក់ថានឹងគាំទ្រវៀតណាមរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៧ ដោយជោគជ័យ។

* នារសៀលថ្ងៃដដែលនោះ នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបជាមួយលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាង​ប្រទេសទាំងពីរ និងបន្តអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបជាមួយលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

លោក Luong Cuong ប្រធានរដ្ឋវៀតណាម ឲ្យដឹងថា សក្តានុពល និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនណាស់។ ភាគីទាំងពីរគួរតែបន្តពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្រសួង ស្ថាប័ន មូលដ្ឋាននិងអាជីវកម្មនៃប្រទេសទាំងពីរ។ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធ និងការយោគយល់គ្នាកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង សង្ឃឹមថា វៀតណាមនឹងបន្តគាំទ្រ និងដោះស្រាយការលំបាកសម្រាប់សហគ្រាសកូរ៉េខាងត្បូង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូងចូលមកវិនិយោគរយៈពេលវែងនៅក្នុងវៀតណាម។ លោកបញ្ជាក់ថា នឹងសម្របសម្រួលជាមួយស្ថាប័ននីតិប្បញ្ញត្តិវៀតណាមដើម្បីជួយគាំទ្ររដ្ឋាភិបាលទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ខិតខំប្រឹងប្រែងជំរុញដំណើរការសន្តិភាព​រយៈពេលវែងនៅលើឧបទ្វីបកូរ៉េ។

បកប្រែដោយ Pham Diep