នាថ្ងៃទី ២០ ខែវិច្ឆិកា នៅវិមានរដ្ឋសភា (ហាណូយ) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ Nguyen Thi Thanh Nga បានអញ្ជើញជាអធិបតីក្នុង​ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាត្បូង និងលោកជំទាវ និងគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូង ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារ។

leftcenterrightdel
 

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានវាយតម្លៃថា ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ បានក្លាយជាចំណុចលេចធ្លោមួយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យការជម្រុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង ខណៈពេលដែលចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងសមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ នាពេលខាងមុខ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ជាប្រចាំ បង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជម្រុញការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាសន្តិសុខមិនមែនប្រពៃណី និងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពស្របតាមផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ខិតខំសម្រេចគោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ក្នុងពេលជាមួយគ្នានេះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ថាមពល និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍រួម។ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងនោះ ភាគីទាំងពីរក៏នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វិស័យ​វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនផងដែរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានជួបពិភាក្សាការងារ

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូង

នៅក្នុងកិច្ចប្រជុំពិភាក្សា ប្រធានរដ្ឋសភាទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងារ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង​ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូង៕

បកប្រែដោយ Duy Hoan