សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូជិត ៧០ ដែលតំណាងឲ្យរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង តំណាងប្រធានរដ្ឋអម OIF។

សន្និសីទនេះផ្តោតលើការវាយតម្លៃការធានាសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ហើយពិភាក្សា និងកំណត់ទិសដៅសហប្រតិបត្តិការរបស់សហគមន៍ហ្វ្រង់កូហ្វូនីសម្រាប់ពេលខាងមុខ ជាពិសេសក្នុងវិស័យនយោបាយ សន្តិសុខ ការរក្សានិងអភិវឌ្ឍភាសាបារាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោក Dinh Toan Thang ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ

នៅក្នុងសន្និសីទនេះ លោក Dinh Toan Thang បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធានាសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ហើយសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យនេះ។ វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ OIF ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី និងកុមារី តាមរយៈការអនុវត្ត យុទ្ធសាស្ត្រសមភាពយេនឌ័ររបស់ OIF និងគម្រោង គំនិតផ្តួចផ្តើមពាក់ព័ន្ធ។ វៀតណាមបានស្នើឲ្យ OIF និងសមាជិក ហ្វ្រង់កូហ្វូនី បន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លើកកម្ពស់វឌ្ឍនភាពរបស់ស្ត្រី ហើយសង្កត់ធ្ងន់លើតម្រូវការក្នុងការដាក់សមភាពយេនឌ័រជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ វៀតណាមអំពាវនាវឲ្យមានការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី ដើម្បីជម្រុញការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី។

សន្និសីទបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់វៀតណាម និងចាត់ទុកវៀតណាមជាគំរូក្នុងវិស័យសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។ សន្និសីទក៏បានវាយតម្លៃងខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់វៀតណាមក្នុងការលើកកម្ពស់រូបភាព និងសំឡេងរបស់ OIF នៅអាស៊ី-ប៉ាស៊ីហ្វិក និងការងារនៅគណៈកម្មាធិការរបស់ OIF រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី និងសកម្មភាពជាក់លាក់របស់ OIF ក្នុងវិស័យផ្សេងៗ។

អំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា OIF គប្បីបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការគាំទ្រប្រទេសនានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ព្រមទាំង បន្តផ្សព្វផ្សាយ និងបង្រៀនភាសាបារាំង ជម្រុញកិច្ចសហប្រតិបត្តិការអប់រំ បង្កើតការងារសម្រាប់ស្ត្រី និងយុវជន...

សន្និសីទបានអនុម័តសេចក្តីអំពាវនាវក្រុង Kigali ក្នុងនោះ សមាជិក OIF បានសន្យាថានឹងបង្កើនការប្រមូលទិន្នន័យស្តីពីសមភាពយេនឌ័រ បង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ និងបញ្ជាក់ពីការប្តេជ្ញាចិត្តជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពដោយផ្អែកលើសមភាពយេនឌ័រ។

សន្និសីទនេះបានបញ្ចប់ដោយការផ្ទេរតំណែងប្រធានសន្និសីទពីប្រទេសបារាំងទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ នៅខេត្តសៀមរាប៕

បកប្រែដោយ Thuy Anh