ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល និងគណបក្សនយោបាយរបស់អេស្ប៉ាញ។ គណៈប្រតិភូបានទៅទស្សនកិច្ច និងជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត ព្រមទាំងជួបសំណេះសំណាលជាមួយតំណាងសហគមន៍អាណិកជនវៀតណាមនៅអេស្ប៉ាញ។

leftcenterrightdel
លោក Phan Dinh Trac ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តអេស្ប៉ាញ (រូបថត៖ ក្រសួងការបរទេស)

ថ្នាក់ដឹកនាំរដ្ឋសភាអេស្ប៉ាញ ស្ថាប័នរដ្ឋាភិបាល និងគណបក្សនយោបាយរបស់អេស្ប៉ាញបានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូអាទិភាពរបស់អេស្ប៉ាញនៅអាស៊ីអាគ្នេយ៍ និងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីអេស្ប៉ាញបានបញ្ជាក់ថា នឹងបន្តគាំទ្រវៀតណាម និងអំពាវនាវប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) ក្នុងពេលឆាប់ៗនេះ និងជំរុញឲ្យគណៈកម្មការអឺរ៉ុបពិចារណាដក «កាតលឿង» IUU សម្រាប់ជលផលវៀតណាម។

អគ្គលេខាបក្សកុម្មុយនិស្តអេស្ប៉ាញ និងប្រធានសម្ព័ន្ធបក្សឆ្វេងនិយម បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងបរិបទស្ថានភាពពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញ។

លោក Phan Dinh Trac បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអេស្ប៉ាញ ដែលជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅអឺរ៉ុប។

នៅក្នុងជំនួបទាំងឡាយ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្តាញបក្ស រដ្ឋ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន លើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាការពិគ្រោះយោបល់នយោបាយ និងគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ល៕

បកប្រែដោយ Huyen Trang