លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង នាថ្ងៃទី២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបន្តមានជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ។
ក្នុងជំនួបជាមួយលោក Abiy Ahmed នាយករដ្ឋមន្ត្រីអេត្យូពី ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃអំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Abiy Ahmed នាយករដ្ឋមន្ត្រីអេត្យូពី មកកាន់ប្រទេសវៀតណាម កាលពីខែមេសា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជាក់ស្តែង និងទូលំទូលាយថែមទៀត។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ពង្រីកទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទ្វេភាគី រួមទាំងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងជាមូលដ្ឋានដូចជា កិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង និងកិច្ចព្រមព្រៀងលើកទឹកចិត្ត និងគាំពារការវិនិយោគ។
លោក Abiy Ahmed នាយករដ្ឋមន្ត្រីអេត្យូពី បានវាយតម្លៃខ្ពស់ចំពោះអត្រាកំណើនសេដ្ឋកិច្ច តួនាទី និងកិត្យានុភាពរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ និងនៅវេទិកាពហុភាគី។ លោកនាយករដ្ឋមន្ត្រីអេត្យូពីបានយល់ស្របនឹងសំណើដែលលើកឡើងដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា រដ្ឋាភិបាលអេត្យូពីនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។
* ក្នុងជំនួបជាមួយលោក Constantino Chiwenga អនុប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះការអភិវឌ្ឍទំនាក់ទំនងប្រពៃណីជាមួយបណ្តាប្រទេសអាហ្វ្រិក រួមទាំងហ្ស៊ីមបាវ៉េផងដែរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Constantino Chiwenga អនុប្រធានាធិបតីហ្ស៊ីមបាវ៉េ (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ពង្រីកទីផ្សារនាំចូល-នាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា កសិកម្ម ទូរគមនាគមន៍ 5G ការរុករករ៉ែ សម្ភារៈសំណង់ វាយនភណ្ឌ ស្បែកជើង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរសិក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងគាំពារការវិនិយោគក្នុងពេលឆាប់ៗនេះ ព្រមទាំងសង្ឃឹមថា ហ្ស៊ីមបាវ៉េនឹងគាំទ្រវៀតណាមក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពគយអាហ្វ្រិកខាងត្បូង (SACU)។
លោក Constantino Chiwenga អនុប្រធានាធិបតីហ្ស៊ីមបាវ៉េ បានមានប្រសាសន៍ថា ប្រធានាធិបតីហ្ស៊ីមបាវ៉េ បានចាត់តាំងបេសកជនពិសេសម្នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគពីប្រទេសវៀតណាម ដោយសង្ឃឹមថា សហគ្រាសវៀតណាមនឹងវិនិយោគលើវិស័យកសិកម្ម រ៉ែ និងហេដ្ឋារចនាសម្ព័ន្ធ។ល។ លោក Constantino Chiwenga អនុប្រធានាធិបតីបានសង្កត់ធ្ងន់ថា នៅតែមានឱកាសច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថានឹងចាត់បញ្ជូនគណៈប្រតិភូការងារទៅកាន់វៀតណាមនាពេលឆាប់ៗ ដើម្បីសិក្សាអំពីបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មកែច្នៃ ទូរគមនាគមន៍ កសិកម្ម រ៉ែ និងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។
* ក្នុងជំនួបជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការរួមដំណើររបស់ WHO ចំពោះប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមកំពុងអនុវត្តគោលនយោបាយជាច្រើន ដើម្បីធានាការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជន ដោយតែងតែចាត់ទុកសុខភាពរបស់ប្រជាជនជាអាទិភាពចម្បង។ ដោយចែករំលែកការពិតដែលថា វៀតណាមទើបតែបានរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ជាច្រើន ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងចំពោះមនុស្ស និងទ្រព្យសម្បត្តិ ដែលនាំឱ្យមានហានិភ័យនៃជំងឺរាតត្បាតក្រោយទឹកជំនន់ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពី WHO ក្នុងការឆ្លើយតប និងទប់ស្កាត់ជំងឺរាតត្បាតដែលកើតចេញពីគ្រោះមហន្តរាយធម្មជាតិ។
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការខាតបង់ដែលបង្កឡើងដោយព្យុះ និងទឹកជំនន់នៅប្រទេសវៀតណាម។ លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះវិស័យសុខាភិបាល និងការថែទាំសុខភាពរបស់ប្រជាជន។ ទាក់ទងនឹងហានិភ័យនៃជំងឺរាតត្បាតបន្ទាប់ពីព្យុះ និងទឹកជំនន់ លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា បច្ចុប្បន្នអង្គការ WHO កំពុងមានមូលនិធិឆ្លើយតបបន្ទាន់ និងត្រៀមខ្លួនរួចជាស្រេចកៀរគរធនធានពីមូលនិធិនេះដើម្បីជួយឧបត្ថម្ភវៀតណាម៕
បកប្រែដោយ Huyen Trang