ក្នុងកិច្ចពិភាក្សានេះលោក Le Hong Quang បានសង្កត់ធ្ងន់ថា វៀតណាម និងចិនគឺជាប្រទេសជិតខាងពីរ ដែលមានទំនាក់ទំនងប្រពៃណីយូរអង្វែង គឺ “សមមិត្តផង និងបងប្អូនផង” ដែលមានភាពស្រដៀងគ្នាជាច្រើននូវរបបនយោបាយ និងគោលដៅអភិវឌ្ឍន៍។

នាពេលកន្លងមក ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ បានរក្សានិន្នាការអភិវឌ្ឍន៍វិជ្ជមាន គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជាពិសេសក្នុងអំឡុងពេលឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន និងក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគីបន្តសម្រេចបានលទ្ធផលកាន់តែស៊ីជម្រៅនៅក្នុងវិស័យជាច្រើន។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Le Hong Quang បានអបអរសាទរជូនចំពោះបក្សកុម្មុយនិស្តចិនដែលបានរៀបចំសន្និបាតមជ្ឈិមបក្ស លើកទី ៤ នីតិកាលទី ២០ ដោយជោគជ័យ។ ព្រមទាំងវាយតម្លៃថា សន្និបាតនេះមានអត្ថន័យសំខាន់ ដោយមានគោលការណ៍ធំៗជាច្រើន ជាពិសេសទិសដៅសម្រាប់ការកសាងផែនការប្រាំឆ្នាំលើកទី ១៥ និងការលើកកម្ពស់ “កម្លាំងផលិតកម្មដែលមានគុណភាពថ្មី” ដែលបង្កើតការផ្លាស់ប្តូរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Le Hong Quang បានស្នើស្ថាប័នទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាដូចជា រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីបង្កើនទំនុកចិត្ត និងចែក​រំលែកបទពិសោធន៍ជាក់ស្តែង។ ភាគីចិនជួយគាំទ្រការបណ្តុះបណ្តាលកម្មាភិបាលជំនាញលើកិច្ចការផ្ទៃក្នុង ច្បាប់ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ អវិជ្ជមាន និងកំណែទម្រង់យុត្ដិធម៌សម្រាប់វៀតណាម។ បង្កើនការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ក្នុងការកសាង និងកែលម្អច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ អវិជ្ជមាន និងកំណែទម្រង់យុត្ដិធម៌។

រីឯ លោក Wang Yixing បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិយាយរួម និងជាមួយគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមនិយាយដោយឡែក ព្រមទាំងលោកជឿជាក់យ៉ាងមុតមាំថា ការសម្របសម្រួលរវាងស្ថាប័នទាំងពីរនឹងកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅ ដែលរួមចំណែកជាក់ស្តែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍ចែករំលែកអនាគតរួមដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងវៀតណាម និងចិន៕

បកប្រែដោយ​ Pham Diep