នៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីស្នាក់ការនៃស្ថាប័នការបរទេសសហភាពអឺរ៉ុប (EEAS) នៅទីក្រុងព្រុចសែល លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី  Paola Pampaloni អគ្គនិយកាស្តីទីនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃ EEAS បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។

ចាប់ផ្តើមកិច្ចប្រជុំ លោកស្រី Paola Pampaloni បានចែករំលែកជាមួយប្រទេសវៀតណាមចំពោះការខូចខាតដែលបង្កឡើងដោយព្យុះ និងទឹកជំនន់។

លោកស្រីបានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានជួយគាំទ្រប្រទេសវៀតណាមជាមួយនឹងថវិកាចំនួន ៨៥០០០០ អឺរ៉ូ ដើម្បីជំនះផលវិបាក និងបន្តអំពាវនាវឱ្យប្រទេសជាសមាជិកចូលរួមវិភាគទាន។ ប្រទេសមួយចំនួនដូចជា លុចសំបួរ អាល្លឺម៉ង់ និងសាធារណរដ្ឋឆែក បានរួមវិភាគទាន ហើយការដឹកជញ្ជូនទំនិញជំនួយដំបូងពីលុចសំបួរបានមកដល់ប្រទេសវៀតណាមហើយ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គម គោលនយោបាយការបរទេស និងពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌដែលមានស្រាប់ រួមទាំងកិច្ចសន្ទនាការពារជាតិ-សន្តិសុខ គណៈកម្មាធិការពាណិជ្ជកម្មអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងអនុគណៈកម្មាធិការឯកទេស។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនិយកាស្តីទីនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃ EEAS ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប

ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនៅតែបន្តអភិវឌ្ឍជាវិជ្ជមាន បន្ទាប់ពី ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនុកចិត្តនយោបាយត្រូវបានពង្រឹង ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ត្រូវបានរក្សាជាប្រចាំ។ ឥឡូវនេះ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយបារាំង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយអេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី សាធារណរដ្ឋឆែក ហ្វាំងឡង់ ប៊ុលហ្គារី និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក ហុងគ្រី និងហូឡង់។

នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីរ ដើម្បីដំឡើងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ឲ្យឡើងទៅកម្រិតកំពស់ថ្មីមួយទៀត នាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ការអភិវឌ្ឍ ការពារជាតិ-សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ កម្មវិធីគាំទ្ររបស់សហភាពអឺរ៉ុប ស្តីពីការធ្វើទំនើបកម្មហិរញ្ញវត្ថុសាធារណៈ អភិបាលកិច្ចសេដ្ឋកិច្ច និងការផ្លាស់ប្តូរថាមពល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ សម្របសម្រួលដើម្បីអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ៦ ដែលនៅសល់ ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ឱ្យបានឆាប់។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ និងការសន្ទនាដែលមានស្រាប់។

វៀតណាម និងសហភាពអឺរ៉ុបបានអះអាងថា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ។ សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចរង្វង់ ការនេសាទប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពលស្អាត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Duy Hoan