វៀតណាមត្រៀមខ្លួនរួចជាស្រេចសហការជាមួយ G20 និងសហគមន៍អន្តរជាតិ ដើម្បីអនុវត្តអាទិភាពជាយុទ្ធសាស្ត្រ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ២៣ ខែវិច្ឆិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាលើកទីបី នៃកិច្ចប្រជុំកំពូល G20 ក្រោមប្រធានបទ "អនាគតប្រកបដោយយុត្តិធម៌សម្រាប់ទាំងអស់គ្នា" ក្រោមអធិបតីភាព លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងប្រធាន G20 ឆ្នាំ២០២៥។
ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការជ្រើសរើសប្រធានបទរបស់អាហ្វ្រិកខាងត្បូង "រ៉ែជាយុទ្ធសាស្ត្រ ការងារប្រកបដោយចីរភាព និងបញ្ញាសិប្បនិម្មិត" ដែលឆ្លុះបញ្ចាំងពីការធ្វើបរិវត្តកម្មសំខាន់ៗចំនួនបីរបស់ពិភពលោកនាពេលបច្ចុប្បន្ន" គឺ៖ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មប្រជាសាស្ត្រ-កម្លាំងពលកម្ម។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ការផ្ទុះឡើងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម និងការបែងចែកកម្លាំងពលកម្មអន្តរជាតិ ដែលបង្កើតតម្រូវការដ៏ច្រើនសម្រាប់ថាមពល និងរ៉ែជាយុទ្ធសាស្ត្រ។ នេះគឺជាឱកាសសម្រាប់ប្រទេសនានាសម្រេចបាននូវការវិវឌ្ឍរីកចម្រើន ប៉ុន្តែក៏មានហានិភ័យជាច្រើននៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពអន់ថយនៃអភិបាលកិច្ច ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកល ជាពិសេសតួនាទីជាត្រួសត្រាយផ្លូវរបស់ G20។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សាលើកទីបី នៃកិច្ចប្រជុំកំពូល G20 (រូបថត៖ vnanet.vn) |
ដើម្បីចូលរួមចំណែកក្នុងការបង្កើតអនាគតប្រកបដោយយុត្តិធម៌សម្រាប់ពបណ្តាប្រទេស និងប្រជាជនជុំវិញពិភពលោក លោកនាយករដ្ឋមន្ត្រីបានចែករំលែកអាទិភាពយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖
ទីមួយ កសាងភាពជាដៃគូយុទ្ធសាស្ត្ររ៉ែប្រកបដោយយុត្តិធម៌ សមធម៌ ស្ថិរភាព និងតម្លាភាព ខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើត និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែប្រកបដោយចីរភាព អភិវឌ្ឍឧស្សាហកម្មកែច្នៃដោយស៊ីជម្រៅ មានបច្ចេកវិទ្យាខ្ពស់ អាចកែច្នៃឡើងវិញ ការងារធ្វើប្រកបដោយគុណភាពចីរភាព បំពេញស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច។
ទីពីរ បង្កើតរបកគំហើញមួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទីផ្សារការងារទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យ G20 ផ្តល់អាទិភាពដល់ការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីចូលរួម និងទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការអប់រំ កាត់បន្ថយឧបសគ្គ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទីផ្សារការងារក្នុងតំបន់ និងសកល បង្កើតយុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធី និងគម្រោងនានា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើតការងារសម្រាប់យុវជន និងបណ្តុះបណ្តាលពលករមានជំនាញ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
ទីបី កសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI ដើម្បីមនុស្ស តែមិនអាចជំនួសមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ G20 នាំមុខគេក្នុងការកសាងស្តង់ដារគ្រប់គ្រង AI ប្រកបដោយយុត្តិធម៌ តម្លាភាព បរិយាប័ន្ន សុវត្ថិភាព និងមនុស្សធម៌ ដោយយកមនុស្សជាមជ្ឈភាព គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលដ្ឋានទិន្នន័យ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ការគ្រប់គ្រង និងទាញយកផលប្រយោជន៍ពី AI ដើម្បីការអភិវឌ្ឍប្រកបដោយសុវត្ថិភាព បរិយាប័ន្ន និងប្រកបដោយចីរភាព។
ការចែករំលែកពោលខាងលើរបស់លោកនាយករដ្ឋមន្ត្រីទទួលបានការស្វាគមន៍ និងវាយតំលៃខ្ពស់ពីអង្គប្រជុំ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមក្នុងសម័យប្រជុំពិភាក្សាលើកទីបីនៃកិច្ចប្រជុំកំពូល G20 (រូបថត៖ vnanet.vn) |
កិច្ចប្រជុំកំពូល G20 បានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ និងផ្ទេរតួនាទីជាប្រធាន G20 ពីអាហ្វ្រិកខាងត្បូងទៅសហរដ្ឋអាមេរិក។ ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានរួមចំណែកជាវិជ្ជមានដល់ភាពជោគជ័យរួមនៃកិច្ចប្រជុំ ខណៈពេលដែលបានបញ្ជាក់ពីរូបភាពនៃប្រទេសវៀតណាមមួយដែលរីកចម្រើនយ៉ាងខ្លាំង និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan