ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមពន្លឿនខិតខំប្រឹងប្រែងជំនះផលវិបាកនៃទឹកជំនន់
កប.អនឡាញ - ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយចំនួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពទឹកជំនន់នៅក្នុងខេត្ត Gia Lai ខេត្ដ Dak Lak និងខេត្ដ Khanh Hoa - ជាមូលដ្ឋានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃ និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
អត្ថបទជាច្រើនដែលចុះផ្សាយលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Reuters, AFP, AP និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនទៀតសុទ្ធតែសង្កត់ធ្ងន់លើការបាត់បង់ទាំងមនុស្ស ទ្រព្យសម្បត្តិ និងផលិតកម្មកសិកម្ម។
យោងតាម Reuters ដកស្រង់ព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងទំនប់ បង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (ក្រសួងកសិកម្មនិងបរិស្ថានវៀតណាម) មនុស្សស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្ដាលវៀតណាមបានកើនឡើងដល់ ៥៥ នាក់ និងមនុស្សបាត់ខ្លួន ១៣ នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែវិច្ឆិកា។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើនលើសពី ១៩០០ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មានខាងលើនេះបានបន្ថែមទៀតថា តំបន់នេះមិនត្រឹមតែជាតំបន់ផលិតកាហ្វេដ៏ធំមួយ និងមានឆ្នេរល្បីៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់តែងតែរងផលប៉ះពាល់នៃខ្យល់ព្យុះនិងទឹកជំនន់ទៀតផង។
    |
 |
|
កងទ័ពជួយប្រជាពលរដ្ឋនៅក្នុងឃុំ Phu Hoa ១ ខេត្ត Dak Lak ជំនះផលវិបាកនៃទឹកជំនន់ |
ប្រព័ន្ធផ្សព្វផ្សាយ DW (អាល្លឺម៉ង់) បានដកស្រង់សម្តីលោក Ho Quoc Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមថា អាជ្ញាធរមូលដ្ឋានបានប្រមូលផ្ដុំកងទ័ពនិងនគរបាលដើម្បីជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។ កងទ័ពវៀតណាមបានដាក់ពង្រាយមធ្យោបាយជាច្រើនដូចជា ទូក កាណូត និងឧទ្ធម្ភាគចក្រ ដើម្បីជួយប្រជាជននៅតំបន់ដាច់ដោយឡែក។
ទន្ទឹមនឹងនេះ សារព័ត៌មាន Channel News Asia (សិង្ហបុរី) ចុះផ្សាយថា កងកម្លាំងជួយសង្គ្រោះនៅកន្លែងកើតហេតុត្រូវចូលទៅគ្រួសារនីមួយៗ សូម្បីតែបំបែកបង្អួចនិងដំបូលផ្ទះ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់គាំង។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក អង្គការអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានចូលរួមជួយឧបត្ថម្ភយ៉ាងឆាប់រហ័ស។ គេហទំព័រស្រាវជ្រាវ The Diplomat ឲ្យដឹងថា មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) និងអង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ (IOM) និងដៃគូមកពីអាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី បានផ្ដល់ជំនួយសម្ភារៈ ហិរញ្ញវត្ថុទៅកាន់មូលដ្ឋាននានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការសម្របសម្រួលរវាងរដ្ឋាភិបាលវៀតណាម និងសហគមន៍អន្តរជាតិត្រូវបានចាត់ទុកថា រហ័សនិងមានប្រសិទ្ធភាពដែលជួយបង្កើនការសង្គ្រោះសម្រាប់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។
នៅប្រទេសអូស្ត្រាលី សារព័ត៌មាន ABC News នៅថ្ងៃទី ២២ ខែវិច្ឆិកា បានចុះផ្សាយឡើងវិញនូវរូបភាពដែលទូរទស្សន៍វៀតណាម (VTV1) ចុះផ្សាយវីដេអូនូវការជម្លៀសប្រជាជនចេញពីដំបូលផ្ទះដែលលិចទឹកយ៉ាងជ្រៅ និងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងជួយសង្គ្រោះក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល។
នៅប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមបានអនុម័តកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ៧០០ ពាន់លានដុងដល់ខេត្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែវិច្ឆិកា រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានអំពាវនាវបានថវិកាជាង ២,៨០០ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជំនះផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់។
សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបទាន់ពេលវេលារបស់វៀតណាម ការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងការសម្របសម្រួលរវាងបណ្ដាកងកម្លាំងនៅក្នុងគ្រោះមហន្តរាយនេះ។ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអន្តរជាតិបានបញ្ជាក់ថា នេះគឺជាសក្ខីភាពយ៉ាងច្បាស់អំពីសមត្ថភាពរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារសុវត្ថិភាពសម្រាប់ប្រជាជនក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុកាន់តែស្មុគស្មាញ៕
បកប្រែដោយ Pham Diep