លោក To Lam អគ្គលេខាបក្ស បានមានប្រសាសន៍ថា ដោយមានភាពស្រដៀងគ្នានៅក្នុងគោលនយោបាយសន្តិភាព ឯករាជ្យភាព ស្វ័យភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនោះ វៀតណាម និងហ្ស៊កដានីនឹងក្លាយជាដៃគូដែលគួរឱ្យទុកចិត្តរបស់គ្នាទៅវិញទៅមកនៅក្នុងតំបន់ទាំងពីរ ដោយលើកកម្ពស់ឧត្តមភាពរបស់គ្នាទៅវិញទៅមកដើម្បីឈានទៅរកការអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សបានស្វាគមន៍ចំពោះការបញ្ជូនគណៈប្រតិភូធុរកិច្ចទ្រង់ទ្រាយធំរបស់ហ្ស៊កដានី ដើម្បីរួមដំណើរជាមួយព្រះមហាក្សត្រក្នុងព្រះរាជទស្សនកិច្ចនេះ ដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពជាក់ស្តែងនៃព្រះរាជទស្សនកិច្ចលើក​នេះ។

ព្រះមហាក្សត្រ Al Hussein បានអះអាងថា ព្រះអង្គបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមលើកនេះ ដោយឯកភាពនឹងការវាយតម្លៃរបស់លោក To Lam អគ្គលេខាបក្ស អំពីសារៈសំខាន់នៃដំណាក់កាលបច្ចុប្បន្ននេះសម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ព្រះមហាក្សត្របានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងដែលប្រជាជនវៀតណាមបានរងទុក្ខក្នុងគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein

ទាក់ទងនឹងទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្ស៊កដានីនាពេលខាងមុខ លោក To Lam អគ្គលេខាបក្ស និងព្រះមហាក្សត្រ Al Hussein បានឯកភាពគ្នាថា នៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងពិភពលោក និងតំបន់នោះ វៀតណាម និងហ្ស៊កដានី ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើវិធានការជាក់លាក់មួយចំនួន ដែលត្រូវអនុវត្តនាពេលខាងមុខ ដូចជា នយោបាយ-ការទូត ការពារជាតិ សន្តិសុខ ការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម សុខាភិបាល វេជ្ជសាស្ត្រ ឱសថ ថាមពល ទេសចរណ៍។ល។ ជម្រុញកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន និងអង្គការតំបន់នៅមជ្ឈិមបូព៌ា។

* គួរំលឹកថា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចព្រះមហាក្សត្រ Al Hussein អញ្ជើញមក​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រ Al Hussein បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ចូលរួមកិច្ចប្រជុំពិភាក្សាការងារ។

ក្នុងបរិយាកាសនៃភាពបើកចំហរ ភាពស្មោះត្រង់ ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក មេដឹកនាំទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្ស៊កដានីនាពេលថ្មីៗនេះ គឺនៅមានកម្រិតនៅឡើយ មិនទាន់ស័ក្កសមនឹងសក្តានុពល និងសេចក្តីប្រាថ្នារបស់មេដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរទេ ហើយបានឯកភាពគ្នានាំយកទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកដំណាក់កាលថ្មី។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងព្រះមហាក្សត្រ Al Hussein

ដោយផ្អែកលើមូលដ្ឋាននោះ លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រ Al Hussein បានឯកភាពគ្នាថា ភាគីទាំងពីរត្រូវពង្រឹងទំនុកចិត្តនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់។ ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដែលបានចុះហត្ថលេខាក្នុងព្រះរាជទស្សនកិច្ចនេះ ហើយនិង​សិក្សា និងជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតយន្តការសហប្រតិបត្តិការផ្សេងៗក្នុងពេលឆាប់ៗនេះ ហើយនិងតែងតាំងកុងស៊ុលកិត្តិយសនៅក្នុងប្រទេសនីមួយៗក្នុងពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាបន្តពិគ្រោះយោបល់ និងគាំទ្រដល់ការឈរឈ្មោះជាបេក្ខភាពរបស់គ្នាទៅវិញទៅមក ក៏ដូចជាធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធអារ៉ាប់ និងអាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

* នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសវនាជាមួយព្រះមហាក្សត្រ Al Hussein។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះមហាក្សត្រ Al Hussein អញ្ជើញមក​បំពេញព្រះរាជទស្សនកិច្ចផ្លូវនៅវៀតណាម។ ដោយសង្កត់ធ្ងន់ថា ព្រះរាជទស្សនកិច្ចលើកនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការបង្កើតមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឆ្ពោះទៅរកដំណាក់កាលថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិទាំងពីរ។

នៅក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មជ្ឈិមបូព៌ា ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្ស៊កដានីក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាជំនួយដ៏មានតម្លៃដែលហ្ស៊កដានីបានជូន​ចំពោះ​ការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសវនាជាមួយព្រះមហាក្សត្រ Al Hussein

ព្រះមហាក្សត្រ Al Hussein បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ប្រទេសហ្ស៊កដានីក្នុងការពង្រឹងភាពជាដៃគូជាមួយវៀតណាមលើវិស័យជាច្រើន ដោយបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ហ្ស៊កដានីនៅអាស៊ីអាគ្នេយ៍ ហើយហ្ស៊កដានីត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាច្រកទ្វារសម្រាប់ទំនិញវៀតណាមចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ Al Hussein ក៏បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្ដូរប្រជាជន ទេសចរណ៍ ការថែទាំសុខភាព និងការបំពេញបន្ថែមក្របខ័ណ្ឌច្បាប់...

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីសំខាន់ៗ ជាពិសេសនៅអង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

*នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះដែរ នៅវិមានរដ្ឋសភា លោក Tran Thanh ប្រធានរដ្ឋសភា បានជួបសវនាការជាមួយព្រះមហាក្សត្រ Al Hussein។

នៅក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានបញ្ជាក់ថា ទោះបីជាមានចម្ងាយពីភូមិសាស្ត្រក៏ដោយ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធ ដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបសវនាការជាមួយព្រះមហាក្សត្រ Al Hussein

លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានីក្នុងការជម្រុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមជ្ឈិមបូព៌ា ក៏ដូចជាតួនាទីជាអ្នកដឹកនាំរបស់ព្រះមហាក្សត្រហ្ស៊កដានីក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌ យុត្តិធម៌សង្គម និងសន្តិសុខស្បៀងអាហារពិភពលោក។

លោក Tran Thanh Man ប្រធានរដ្ឋសភា និងព្រះមហាក្សត្រ Al Hussein បានឯកភាពគ្នាថា  ភាគីទាំងពីរត្រូវពង្រឹងទំនុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវបង្កើនប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការសភា ដោយចាត់ទុកនេះជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី៕

បកប្រែដោយ Duy Hoan