វៀតណាម និងហ្ស៊កដានី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៨០។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរត្រូវបានរក្សា និងពូនជ្រំជានិច្ច។ ស្តីពីវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាច្រើនដូចជា៖ ដំណើរទស្សនកិច្ចរបស់លោក Vo Dong Giang បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅហ្ស៊កដានី (ឆ្នាំ១៩៨២) ដំណើរទស្សនកិច្ចរបស់លោក Phan Van Khai ឧបនាយករដ្ឋមន្ត្រី (ឆ្នាំ១៩៩៧) ដំណើរទស្សនកិច្ចរបស់លោក Nguyen Tan Dung ឧបនាយករដ្ឋមន្ត្រី (ឆ្នាំ២០០០) ដំណើរទស្សនកិច្ចរបស់លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេស (ឆ្នាំ២០២២)។ ភាគីហ្ស៊កដានីវិញ ព្រះអគ្គមហេសី Noor Al-Hussein បានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ១៩៩៩។

leftcenterrightdel
ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein (រូបថត៖ IISD/ENB)

ស្តីពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ១៨៨.១៣៨ លានដុល្លារអាមេរិក ដែលក្នុងនោះវៀតណាមនាំចេញជាង ៩៥% (១៨០.៥២៦ លានដុល្លារអាមេរិក) ភាគច្រើនជាកសិដល និងជលផល ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ ក្រណាត់ ផលិតផលគីមី ផលិតផលឈើ ផលិតផលផ្លាស្ទិច សម្ភារៈ ឧបករណ៍ និងគ្រឿងបន្លាស់។ល។ នៅចុងខែកញ្ញា ឆ្នាំ២០២៥ ហ្ស៊កដានី មានគម្រោងវិនិយោគចំនួន ៥ នៅវៀតណាម ដែលនៅមានសុពលភាពជាមួយនឹងដើមទុនវិនិយោគចុះបញ្ជីសរុបចំនួន ១ លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ១០៩ ក្នុងចំណោម ១៥៣ ប្រទេស និងដែនដីដែលវិនិយោគនៅវៀតណាម។ មកទល់បច្ចុប្បន្ននេះ វៀតណាម និងហ្ស៊កដានីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ លើវិស័យអាកាសចរណ៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ១៩៩០។

ដូច្នេះ យើងអាចមើលឃើញថា ទោះបីជាប្រទេសទាំងពីរមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក៏ដោយ ក៏មិនទាន់ត្រូវបានទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ សម្រាប់ហេតុផលនេះ ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រហ្ស៊កដានីលើកនេះ គឺកាន់តែមានអត្ថន័យ និងសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីបើកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ស្វាគមន៍ព្រះមហាក្សត្រហ្ស៊កដានី មកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ ជាដំបូង ដើម្បីបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាទបក្សលើកទី១៣ និងសេចក្តីសម្រេចលេខ ៣៤-NQ/TW ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ របស់ការិយាល័យនយោបាយ   ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ហ្ស៊កដានីចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់។ ទន្ទឹមនឹងនោះ បញ្ជាក់ពីគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសអារ៉ាប់នានាជានិយាយរួម និងហ្ស៊កដានីនិយាយដោយឡែក។ ព្រមទាំងវៀតណាមត្រៀមខ្លួនជាស្រេច ពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត គាំទ្រការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងម្ចាស់ការរបស់ប្រទេសនីមួយៗ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីអភិវឌ្ឍប្រកបដោយជាក់ស្តែង។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមចំណែកដល់ការអនុវត្តចក្ខុវិស័យទំនើបកម្មសេដ្ឋកិច្ចរបស់ហ្ស៊កដានី។

ប្រជាជនទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូល សូមស្វាគមន៍ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី ដែលយាងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយមានក្តីសង្ឃឹមថា ការផ្លាស់ប្តូរដ៏សំខាន់រវាងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យសហប្រតិបត្តិការដូចជា កសិកម្ម សន្តិសុខស្បៀង ការទាក់ទាញការវិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហាឡាល កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ដំណើរទស្សនកិច្ចនេះ ពិតជានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងនឹងបើកដំណាក់កាលថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតមូលដ្ឋានគ្រឹះមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពល និងមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Huyen Trang