UNCLOS ១៩៨២ គឺជា «រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ»
កប.អនឡាញ - នាថ្ងៃទី ៤ ខែវិច្ឆិកា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី ១៧ បានបន្តប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រទេសវៀតណាម។
នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) គឺជា «រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ» ដែលបង្កើតក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន និងទូលំទូលាយសម្រាប់សកម្មភាពនៅសមុទ្រ ព្រមទាំងផ្តល់នូវមូលដ្ឋានសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗដូចជា ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។
    |
 |
|
ប្រតិភូចូលរួមសិក្ខាសាលានៅថ្ងៃទី ៣ ខែវិច្ឆិកា (រូបថត៖ vnanet.vn) |
អ្នកប្រាជ្ញបានលើកឡើងដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្លូវច្បាប់នៅសមុទ្រ។ ក្នុងនោះ អាស៊ានត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកម្លាំងរួមដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ និងយន្តការពហុភាគីផ្សេងទៀត លើកកម្ពស់តម្លាភាព កិច្ចសន្ទនា និងការចែករំលែកព័ត៌មានដើម្បីកសាងទំនុកចិត្ត និងបង្កើតយន្តការព្រមានជាមុនដើម្បីទប់ស្កាត់ហានិភ័យនៃជម្លោះ។
មានប្រសាសន៍នៅក្នុងពិធីបិទ លោកបណ្ឌិត Nguyen Hung Son នាយកវិទ្យាស្ថានការទូតវៀតណាម បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការពិភាក្សានៅក្នុងសិក្ខាសាលាឆ្នាំនេះ និងគូសបញ្ជាក់ថា គំនិត និងសំណើមានប្រយោជន៍ជាច្រើន រួមចំណែកពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ធានាការអនុវត្ត UNCLOS ១៩៨២ និងចាត់ទុកនេះជាមូលដ្ឋានដ៏សំខាន់ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ នៅក្នុងបរិបទពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើនប្រទេសនានាត្រូវការសន្ទនា ចែករំលែកព័ត៌មាន និងកសាងសមត្ថភាព ដើម្បីពង្រឹងឯកភាព និងសាមគ្គីភាព៕
បកប្រែដោយ Huyen Trang