ទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នារសៀលថ្ងៃទី៥ ខែសីហា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបសន្ទនាជាមួយលោក Mostafa Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីប។
លោក Mostafa Madbouly នាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលជួបលោក Luong Cuong ប្រធានរដ្ឋ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋនៅអេហ្ស៊ីប ដោយបានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីអេហ្ស៊ីបសម្ដែងនូវក្ដីរីករាយដែលបានដឹងថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសអេហ្ស៊ីប។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអេហ្ស៊ីប ហើយមានបំណងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីមួយ ប្រកបដោយរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។
    |
 |
លោក Luong Cuong ប្រធានរដ្ឋជួបសន្ទនាជាមួយលោក Mostafa Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីប (រូបថត៖ vnanet.vn) |
លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កសាងក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ហើយស្នើឲ្យបង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃភាគីទាំងពីរក្នុងការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មក្នុងវិស័យដែលមានប្រៀបខ្លាំង វិស័យថ្មី និងវិស័យមានសក្តានុពល។ លោកប្រធានរដ្ឋស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាព និងសហការដើម្បីរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នីមួយៗ និងពិភពលោក។
ដោយសង្កត់ធ្ងន់លើភាពស្រដៀងគ្នាជាច្រើនរវាងប្រទេសទាំងពីរ លោក Mostafa Madbouly នាយករដ្ឋមន្ត្រី សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ទាញយកសក្តានុពលក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងសហការយ៉ាងសកម្ម ឆ្ពោះទៅការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អេហ្ស៊ីប ដោយឈរលើមូលដ្ឋានសមភាព តុល្យភាព ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងបង្កើនទំហំពាណិជ្ជកម្ម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-អារ៉ាប់ ដោយអះអាងថា អង្គការនេះនឹងក្លាយជាស្ពានតភ្ជាប់វៀតណាមជាមួយទីផ្សារក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងបណ្តាប្រទេសអារ៉ាប់។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ និងលោក Mostafa Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីប (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីអេហ្ស៊ីប អះអាងថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមមកធ្វើអាជីវកម្មនៅអេហ្ស៊ីប និងត្រៀមខ្លួនជាស្រេចទទួលនិស្សិតវៀតណាមមកសិក្សានៅសកលវិទ្យាល័យឥស្លាម និងសាលាផ្សេងៗទៀតនៅអេហ្ស៊ីប។ លោកនាយករដ្ឋមន្ត្រីក៏វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ហើយមានប្រសាសន៍ថា អេហ្ស៊ីបនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលគ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
* នារសៀលថ្ងៃទី៥ ខែសីហា លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាសារមន្ទីរ Gamal Abdel Nasser៕
បកប្រែដោយ Thuy Anh