តបតាមការអញ្ជើញរបស់ លោក João Lourenço ប្រធានាធិបតីអង់ហ្គោឡា និងភរិយា លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងភរិយា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអង់ហ្គោឡាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែសីហា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសអង់ហ្គោឡាក្នុងរយៈពេលជាងពីរទស្សវត្សរ៍ ហើយមានសារសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ ចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអេហ្ស៊ីប និងអង់ហ្គោឡា |
ក្នុងឱកាសនេះ អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្ស៊ីប បានសម្ភាសន៍ លោក Duong Chinh Chuc ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅ Angola អំពីខ្លឹមសារមួយចំនួនទាក់ទងនឹងដំណើរទស្សនកិច្ចនេះ។
អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់យើងអំពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ និងភរិយា ទៅកាន់ប្រទេសអង់ហ្គោឡាតាមការអញ្ជើញរបស់ លោក João Lourenço ប្រធានាធិបតី និងភរិយា?
លោកឯកអគ្គរដ្ឋទូត Duong Chinh Chuc៖ តបតាមការអញ្ជើញរបស់ លោក João Lourenço ប្រធានាធិបតីអង់ហ្គោឡា លោក Luong Cuong ប្រធានរដ្ឋ និងភរិយាបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអង់ហ្គោឡា។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើនសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់ហ្គោឡារបស់លោក Tran Duc Luong ប្រធានរដ្ឋ ក្នុងឆ្នាំ ២០០២ និង លោក Nong Duc Manh អគ្គលេខាបក្ស ក្នុងឆ្នាំ ២០០៨។ គួរឲ្យកត់សម្គាល់ ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតពីឆ្នាំ ១៩៧៥-២០២៥។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាការផ្លាស់ប្តូរ និងកិច្ចសន្ទនា ក៏ដូចជាឱកាសដើម្បីពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងទិសដៅអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។
    |
 |
លោក Duong Chinh Chuc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់ហ្គោឡា |
ដំណើរទស្សនកិច្ចនេះក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអាហ្វ្រិក (AU) រវាងអង់ហ្គោឡា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាឱកាសសម្រាប់ភាគីទាំងពីរ លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអាហ្វ្រិក។
អ្នកយកព័ត៌មាន៖ តើមានសកម្មភាពអ្វីសំខាន់ និងគួរឲ្យកត់សម្គាល់បំផុត ក្នុងដំណើរទស្សនកិច្ចនេះ?
លោកឯកអគ្គរដ្ឋទូត Duong Chinh Chuc៖ ជាមួយនឹងអត្ថន័យសំខាន់ៗ សកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៅអង់ហ្គោឡាលើកនេះគឺមានភាពចម្រុះណាស់។
លោកប្រធានរដ្ឋនឹងមានកិច្ចប្រជុំ និងពិភាក្សាការងារជាមួយមេដឹកនាំជាន់ខ្ពស់អង់ហ្គោឡា ដូចជាកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានាធិបតី - ប្រធានគណបក្ស MPLA ដែលកំពុងកាន់អំណាច។ ជួបសវនាការជាមួយប្រធានរដ្ឋសភា និងអនុប្រធានបក្ស MPLA ដែលកំពុងកាន់អំណាច ពិភាក្សាអំពីទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានជំនួបសំណេះសំណាលដើម្បីថ្លែងអំណរគុណចំពោះតំណាងប្រជាជនអង់ហ្គោឡាគ្រប់ជំនាន់ដែលបានគាំទ្រវៀតណាម។ លោកប្រធានរដ្ឋក៏នឹងចូលរួមពិធីជប់លៀងដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅអង់ហ្គោឡា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ និងភរិយា ព្រមទាំងគណៈប្រតិភូ ក៏នឹងទៅទស្សនាផ្ទាំងសិលាចារឹក ដែលដាក់ឈ្មោះវិថីហូជីមិញ ដែលជាផ្លូវវែងបំផុត និងស្អាតបំផុតនៅក្នុងរដ្ឋធានី Luanda។ កម្មវិធីសំខាន់មួយទៀតគឺលោកប្រធានរដ្ឋ និងភរិយានឹងជួបជាមួយតំណាងប្រជាជនវៀតណាមជិត ១ ម៉ឺននាក់ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអង់ហ្គោឡា ក៏ដូចជាបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសអង់ហ្គោឡាផងដែរ។
ឯកសារសំខាន់ៗជាច្រើននឹងត្រូវបានចុះហត្ថលេខាកែប្រែ និងចុះហត្ថលេខាថ្មីក្នុងអំឡុងពេលទស្សនកិច្ចនេះ។ នេះជាលទ្ធផលនៃការពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយទីភ្នាក់ងារនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងច្បាប់ក្នុងឱកាសនេះនឹងក្លាយជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនាពេលខាងមុខ។
អ្នកយកព័ត៌មាន៖ វៀតណាម និងអង់ហ្គោឡាត្រូវបានចាត់ទុកថាមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ បរិបទអន្តរជាតិ និងកត្តាសត្យានុម័តជាច្រើនបានបង្កជាឧបសគ្គ និងបញ្ហាប្រឈមជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមលោកឯកអគ្គរដ្ឋទូត តើដំណោះស្រាយសំខាន់ៗអ្វីខ្លះ ដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់អនុវត្ត ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព?
លោកឯកអគ្គរដ្ឋទូត Duong Chinh Chuc៖ ជាការពិត ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ស្ទើរតែគ្មានគម្រោងធំៗ។ ការលំបាកទី១ គឺប្រទេសទាំងពីរមានភូមិសាស្រ្តនៅឆ្ងាយពីគ្នា ធ្វើឱ្យការដឹកជញ្ជូនមិនងាយស្រួល រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ឬផ្លូវសមុទ្រ ធ្វើឱ្យពិបាកក្នុងការនាំចេញទំនិញស្រស់ ថ្លៃដឹកជញ្ជូនខ្ពស់ និងចំណាយពេលច្រើន។ ការលំបាកទីពីរ គឺប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅតែស្គាល់គ្នាតិចតួច។ ការលំបាកទី៣ គឺបរិយាកាសផ្លូវច្បាប់នៅមានចំណុចខ្វះខាត មិនគ្រប់គ្រាន់ដើម្បីធានាឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអាចអនុវត្តការងារប្រកបដោយស្ថិរភាព ។
ដូច្នេះ ដោយផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរត្រូវពិភាក្សា និងស្វែងរកវិធានការដើម្បីដោះស្រាយ ។ នាពេលខាងមុខ ក្រសួង មូលដ្ឋាន និងធុរកិច្ចនៃភាគីទាំងពីរត្រូវធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើទស្សនកិច្ច ស្វែងយល់ និងផ្លាស់ប្តូរដោយផ្ទាល់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តពិនិត្យ កែសម្រួល និងចុះហត្ថលេខាលើឯកសារច្បាប់ថ្មី ដើម្បីធានាកិច្ចសហប្រតិបត្តិការទ្វេភាគី។
អង្គភាពអាជីវកម្មវៀតពាមត្រូវចូលរួមយ៉ាងសកម្មក្នុងគម្រោងដែលអង់ហ្គោឡាត្រូវការដូចជា ការអភិវឌ្ឍកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទូរគមនាគមន៍ ថាមពល ការរុករករ៉ែជាដើម។ ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ដើម្បីបង្កើនការយោគយល់គ្នា គឺជារឿងសំខាន់ដែរ។ យើងអាចបញ្ជូនគណៈប្រតិភូវប្បធម៌ខ្នាតតូចទៅទស្សនកិច្ចនៅប្រទេសនៅអាហ្វ្រិក រួមទាំងប្រទេសអង់ហ្គោឡា។
ខ្ញុំគិតថានៅពេលខាងមុខ យើងអាចជំរុញវិធានការមួយចំនួនដូចពោលខាងលើ។ ក្រសួង មូលដ្ឋាន និងធុរកិច្ចត្រូវពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការឱ្យបានត្រឹមត្រូវ ឆាប់រហ័ស សុវត្ថិភាព និងប្រសិទ្ធភាព។
អ្នកយកព័ត៌មាន៖ អរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Duy Hoan