វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត៣ពាន់លានដុល្លារពីអាមេរិក
កប.អនឡាញ - វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដើម្បីនាំចូលផលិតផលកសិកម្មតម្លៃជិត ៣ ពាន់លានដុល្លារពីអាមេរិក លើសពីការរំពឹងទុកដំបូង រួមចំណែកដល់ការសម្របសម្រួលសមតុល្យពាណិជ្ជកម្ម និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កិច្ចព្រមព្រៀងនានាត្រូវបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាមទៅកាន់រដ្ឋ Iowa រដ្ឋ Ohio រដ្ឋ Maryland និងរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ២-៦ ខែមិថុនា។ នេះជាជំហានសំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក។
គណៈប្រតិភូការងារដឹកនាំដោយ លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម រួមមានតំណាងស្ថាប័ន សហគ្រាស និងសមាគមកសិកម្មជិត ៥០ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។
    |
 |
លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម អញ្ជើញធ្វើជាអធិបតីសម័យប្រជុំពិភាក្សាស្តីពីការបង្កើនពាណិជ្ជកម្មកសិកម្មវៀតណាម-អាមេរិក។ រូបថត៖ VOV |
វាយតំលៃលទ្ធផលនៃដំណើរទស្សនកិច្ចការងារ លោក Do Duc Duy បានអះអាងថា៖ “សហគ្រាសវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើនការទិញកសិផលពីសហរដ្ឋអាមេរិកដោយតួលេខដ៏គួរអោយចាប់អារម្មណ៍ជិត ៣ ពាន់លានដុល្លារអាមេរិក លើសពីការរំពឹងទុកដំបូងគឺចំនួន ២ ពាន់លានដុល្លា ដោយហេតុនេះរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទីពីរ តាមរយៈវេទិការ និងកិច្ចប្រជុំនានា សហគមន៍ធុរកិច្ចវៀតណាម និងអាមេរិកមានព័ត៌មានគ្រប់គ្រាន់ក្នុងការពង្រីកទីផ្សារ អនុវត្តកិច្ចសហប្រតិបត្តិការ វិនិយោគ និងសកម្មភាពធុរកិច្ចលើវិស័យពាណិជ្ជកម្ម កសិកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ទីបី តាមរយៈការស្រាវជា្រវជាក់ស្តែង យើងបានឃើញសក្តានុពលដ៏អស្ចារ្យក្នុងការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រួមទាំងដំណោះស្រាយលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការធ្វើបរិវត្តកម្មតង និងការធ្វើបរិវត្តកម្មឌីជីថល។ ចំណុចចុងក្រោយគឺតាមរយៈវេទិកា និងកិច្ចប្រជុំ យើងបានបង្ហាញដល់អ្នកនយោបាយ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលនៃរដ្ឋនានា និងសហគមន៍ធុរកិច្ចថា វៀតណាមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដែលពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភសំខាន់ ហើយវៀតណាមតែងតែខិតខំជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាមេរិក”។
អត្ថាធិប្បាយលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះ លោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) បានសម្តែងថា៖ "កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាមិនត្រឹមតែតំណាងឱ្យ "ការធ្វើអាជីវកម្មល្អ" ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "នយោបាយល្អ" ផងដែរ ពីព្រោះការនាំចេញជាច្រើននឹងមកពីរដ្ឋជនបទក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋ Ohio និង Iowa ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗ។ រដ្ឋជនបទក្នុងសហរដ្ឋអាមេរិក ភាគច្រើនពឹងផ្អែកលើកសកម្មភាពនាំចេញពីរដ្ឋបាលក្រុងវ៉ាស៊ីនតោន ។ ប្រកានេះអាចជំរុញការយកចិត្តទុកដាក់ពីសេតវិមាន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងបរិបទដែលវៀតណាមបង្ហាញសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយកង្វល់ពាក់ព័ន្ធនឹងអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។
បកប្រែដោយ Duy Hoan