លោក To Lam អគ្គលេខាបក្ស អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai
កប.អនឡាញ - នាព្រឹកថ្ងៃទី២ ខែមិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai តំបន់ខ្ពង់រាបកណ្តាលវៀតណាម លោក To Lam អគ្គលេខាបក្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នៅក្នុងមូលដ្ឋានទាំងពីរ។
ក្នុងជំនួបធ្វើការនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្នុងបរិបទត្រៀមច្របាច់បញ្ចូលខេត្ត Gia Lai និង Binh Dinh ឲ្យទៅជាអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចកាន់តែរឹងមាំ ទំនើប និងមានប្រសិទ្ធភាព ខេត្ត Gia Lai និង Binh Dinh ត្រូវម្ចាស់ការកសាងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង បង្កើតរបកគំហើញយុទ្ធសាស្ត្រក្នុងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធនធានមនុស្ស ក្នុងបំណងប្រែខេត្ត Gia Lai ថ្មីក្លាយជាប៉ូលកំណើនដ៏សំខាន់នៃតំបន់ភូមិភាគកណ្តាល និងរួមចំណែកនាំប្រទេសជាតិស្ទុះឈានឡើងយ៉ាងខ្លាំងក្លា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
យោងតាមលោកអគ្គលេខាបក្សខេត្ត Gia Lai ថ្មីត្រូវផ្តោតលើការកសាងទម្រង់អភិវឌ្ឍន៍ ប្រកបដោយតុល្យភាព សមកាលកម្ម ជាមួយនឹងសមត្ថភាពតភ្ជាប់តំបន់ និងតភ្ជាប់គ្រប់ជ្រុងជ្រោយ។ ដំបូងបង្អស់ ចាំបាច់ត្រូវរៀបចំឡើងវិញនូវសេដ្ឋកិច្ចតាមទិសនិរន្តរភាព អភិវឌ្ឍកសិកម្មអេកូឡូស៊ី ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍតំបន់វត្ថុធាតុដើមធំៗ ផ្សាភ្ជាប់ជាមួយនឹងដំណើរការកែច្នៃស៊ីជម្រៅ ការផលិតស្អាត និងឆ្ពោះទៅអព្យាក្រឹតកាបូន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពន្លឿនឧស្សាហូបនីយកម្មឆ្លាតវៃ ផ្តល់អាទិភាពលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត និងបង្កើតតំបន់នវានុវត្តន៍ និងតំបន់ឧស្សាហកម្មយុទ្ធសាស្ត្រផងដែរ។
លោក To Lam អគ្គលេខាបក្ស បានលើកច្បាស់ថា៖ “បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ជាមួយផ្ទៃដីធំទីពីរក្នុងប្រទេសខេត្ត Gia Lai ថ្មី ត្រូវម្ចាស់ការក្តាប់ជាប់ស្ថានការណ៍មូលដ្ឋាន ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការពារអធិបតេយ្យភាពលើព្រំដែននិងកោះសមុទ្រ។ ទន្ទឹមនឹងនោះខេត្ត Gia Lai ថ្មី ត្រូវលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច”៕
បកប្រែដោយ Thanh Cong