វៀតណាម និងអេត្យូពី បញ្ចេញសក្តានុពលនៃកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកល (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។
ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ១៩៧៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអេត្យូពី នៅពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតទ្វេភាគីជាផ្លូវការ។ ក្នុងអំឡុងពេលជិត ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរនៅតែស្ថិតនៅលើសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន។ បក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងល្អជាមួយគណបក្សវិបុលភាព (បក្សកាន់អំណាច) និងរណសិរ្សប្រជាធិបតេយ្យបដិវត្តន៍ប្រជាជនអេត្យូពី (ដែលមានតាំងពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០១៩) នៃប្រទេសអេត្យូពី។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរតែងតែសួរសុខទុក្ខ និងអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសនៃមហាសន្និបាតរបស់ភាគីនីមួយៗ។ វៀតណាមបានបើកស្ថានទូតអចិន្ត្រៃយ៍នៅរដ្ឋធានី Addis Ababa ក្នុងកំឡុងឆ្នាំ ១៩៧៨-១៩៩២ ហើយបច្ចុប្បន្ន ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានី និងនៅអេត្យូពី ហើយស្ថានទូតអេត្យូពីប្រចាំនៅកូរ៉េខាងត្បូង និងនៅវៀតណាមផងដែរ។ ប្រទេសទាំងពីរក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា។
    |
 |
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ស្វាគមន៍លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ vnanet.vn) |
កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអេត្យូពី ទោះបីត្រូវបានវាយតម្លៃនៅកម្រិតទាបក៏ដោយក៏នៅតែមានសក្តានុពលច្រើនណាស់។ ប្រទេសអេត្យូពីបានទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាមចាប់តាំងពីឆ្នាំ ២០១៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះរក្សានូវកម្រិត ១០ ទៅ ១៥ លានដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១៣.១ លានដុល្លារអាមេរិក (ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមសម្រេចបាន ៧.១១ លានដុល្លារអាមេរិក និងការនាំចូលសម្រេចបាន ៦.០៦ លានដុល្លារអាមេរិក)។ វៀតណាមភាគច្រើននាំចេញគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ សរសៃវាយនភ័ណ្ឌ ផលិតផលគីមី ហើយភាគច្រើននាំចូលវត្ថុធាតុដើមវាយនភ័ណ្ឌ ស្បែកជើង និងកាហ្វេគ្រប់ប្រភេទពីប្រទេសអេត្យូពី។ ក្នុងវិស័យវិនិយោគ ក្រុមហ៊ុន MK Group គឺជាសហគ្រាសវៀតណាមតែមួយគត់ដែលមានគម្រោងបណ្តាក់ទុនរួមគ្នាលើវិស័យផលិតកាតឆ្លាតវៃនៅប្រទេសអេត្យូពី ដោយមានការរួមវិភាគទានដើមទុន ៦០% និងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមបណ្តាញ និងសន្តិសុខព័ត៌មានក្នុងគោលបំណងការពារជាតិ។
ដំណើរទស្សនកិច្ចរបស់លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អេត្យូពី ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមក។ លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រី មានការចាប់អារម្មណ៍ចំពោះវៀតណាម។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រី តែងតែសម្តែងការកោតសរសើរចំពោះប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយអះអាងនូវការគោរព និងបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។
ដំណើរទស្សនកិច្ចនេះបង្ហាញពីបំណងប្រាថ្នារបស់ភាគីទាំងពីរដើម្បីនាំទំនាក់ទំនង វៀតណាម-អេត្យូពី ឆ្ពោះទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងថែមទៀត សមស្របនឹងសក្ដានុពលរបស់ប្រទេសនីមួយៗ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដ៏មានសក្តានុពល ដូចជា៖ ម្ហូបអាហារ ជលផល ឱសថ ផលិតផលហាឡាល់ ផលិតផលវាយនភណ្ឌ ទូរគមនាគមន៍ បរិវត្តកម្មឌីជីថល។ល។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ស្វាគមន៍នាយករដ្ឋមន្ត្រីអេត្យូពីមកបំពេញទស្សនកិច្ចដើម្បីបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ស្តីពីឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទន្ទឹមនឹងនោះ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ ធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ព្រមទាំងអះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិក រួមទាំងអេត្យូពី ដែលជាសេដ្ឋកិច្ចដ៏មានសក្តានុពលដែលមានប្រជាជនជាច្រើន និងជាប្រទេសដែលមានតួនាទី និងឥទ្ធិពលដ៏សំខាន់ក្នុងទ្វីប ជាពិសេសនៅអាហ្វ្រិកខាងកើត។
ដោយរីករាយជាមួយនឹងការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនង វៀតណាម-អេត្យូពី និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក យើងក៏ជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Abiy Ahmed Ali នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីទាំងពីរនឹងឯកភាពលើវិធានការជាក់លាក់ដើម្បីបន្តបញ្ចេញសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បំពេញតាមការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃប្រទេសនីមួយៗ៕
បកប្រែដោយ Huyen Trang