នោះគឺជាការអះអាងរបស់លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៩ ខែមេសា ក្នុងឱកាសអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

leftcenterrightdel
លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ជូនពរឆ្នាំថ្មីជូនចំពោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ vnanet.vn)

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនទីក្រុង លោកស្រី Tran Thi Dieu Thuy បានអបអរសាទរចំពោះមន្ត្រី បុគ្គលិក នៃស្ថានអគ្គកុងស៊ុលកម្ពុជា និងសហគមន៍ប្រជាជនកម្ពុជាដែលកំពុងសិក្សា និងរស់នៅក្នុងទីក្រុងហូជីមិញ អំពីសមិទ្ធិផលដែលប្រទេស និងប្រជាជនកម្ពុជាសម្រេចបានក្នុងឆ្នាំកន្លងមក។ លោកស្រីបានបង្ហាញការជឿជាក់ថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀត នាពេលខាងមុខ។

លោកស្រី Tran Thi Dieu Thuy បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញជានិច្ចកាលគោរព និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សា និងលើកកម្ពស់ទំនាក់ទំនងល្អជាមួយកម្ពុជានិយាយរួម និងមូលដ្ឋាននានារបស់កម្ពុជានិយាយដោយឡែក ជាពិសេសយកចិត្តទុកដាក់ក្នុងការជំរុញកិច្ច​សហ​ប្រតិបត្តិការ ការផ្លាស់ប្តូរសហគ្រាស ការជម្រុញពាណិជ្ជកម្ម និងផ្លាស់ប្តូរទំនិញ ដើម្បីពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងទីក្រុងហូជីមិញ និងមូលដ្ឋាន ដៃគូនានារបស់កម្ពុជា។

ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា  និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះសហគមន៍ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងនោះ លោក ចាន់ សូរីកា អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបានសម្តែងនូវអំណរគុណចំពោះការគាំទ្រ ជំនួយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ទីក្រុងហូជីមិញ ជូនចំពោះស្ថានអគ្គកុងស៊ុលកម្ពុជា នាពេលថ្មីៗនេះ។

leftcenterrightdel
ប្រគល់ផ្កាជូនមន្ត្រី និងបុគ្គលិក នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ vnanet.vn)

លោក ចាន់ សូរីកា បានមានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំពិសេសរបស់វៀតណាម ដែលជាខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស​ជាតិ ហើយក៏ជាខួបលើកទី៥០ នៃការបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជាផងដែរ។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជិមិញ​នឹងខិតខំជំរុញទំនាក់ទំនងរវាងមូលដ្ឋាននានានៃកម្ពុជា និងទីក្រុងហូជីមិញនិយាយដោយឡែក​ ក៏ដូចជារវាងកម្ពុជា និងវៀតណាមនិយាយរួម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញនឹងបង្កើនការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីរៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងវេទិកាធុរកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងរៀបចំឱ្យមន្ត្រី បុគ្គលិកនៃស្ថានអគ្គកុងស៊ុល សហគ្រាស និងសិស្សានុសិស្សកម្ពុជាក្នុងទីក្រុង ចូលរួមកម្មវិធីបរិច្ចាគឈាមមនុស្សធម៌...

ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងក្តីសង្ឃឹមថា ទីក្រុងនឹងបន្តជួយគាទ្រ និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា រួមចំណែកជួយកម្ពុជាលើកកំពស់គុណភាពធនធានមនុស្ស និងពង្រឹងទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជា និងវៀតណាម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan