ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងវៀតណាម និងបារាំង
កប.អនឡាញ - នាថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលជួបលោក Philippe Tabarot រដ្ឋមន្ត្រីទទួលបន្ទុកដឹកជញ្ជូន (ក្រសួងទទួលបន្ទុកការផ្លាស់ប្តូរអេកូឡូស៊ី និងតភ្ជាប់ទឹកដីបារាំង) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងវៀតណាម និងបារាំង នាំមកនូវលទ្ធផលជាក់លាក់ រួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-បារាំង។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Philippe Tabarot រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រី Tabarot បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យដឹកជញ្ជូននាពេលកន្លងមកនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Airbus គឺជាក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ដោយវាយតំលៃខ្ពស់ចំពោះប្រៀបខ្លាំងរបស់បារាំងក្នុងវិស័យដឹកជញ្ជូន និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមស្នើឲ្យភាគីបារាំងជំរុញឲ្យធុរកិច្ចបារាំង បង្កើនកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម លើវិស័យដឹកជញ្ជូន ជាពិសេសចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីបារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពគ្រប់គ្រង ការផ្តល់ប្រាក់កម្ចីអនុគ្រោះ... ជាមួយវៀតណាមលើវិស័យដឹកជញ្ជូន។ លោកនាយករដ្ឋមន្ត្រី ស្នើឲ្យភាគីទាំងពីរពង្រីកសមិទ្ធិផលដែលសម្រេចបាន បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងស្មារតីស្មោះត្រង់ ទំនុកចិត្ត លទ្ធភាព និងប្រសិទ្ធភាព ហើយបញ្ជាក់ថា វៀតណាមកំពុងជំរុញការដោះស្រាយការលំបាក និងឧបសគ្គរបស់ស្ថាប័ន ដើម្បីអនុវត្តបណ្ដាគម្រោងយ៉ាងឆាប់រហ័ស។
ឯកភាពចំពោះមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោករដ្ឋមន្ត្រី Tabarot បានអះអាងថា ប្រទេសបារាំង និងធុរកិច្ចតែងតែត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសជួយឧបត្ថម្ភ និងសហការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរបទពិសោធន៍ មានផលិតផល និងសេវាកម្មដែលមានគុណភាពល្អជាងមុន ដើម្បីបម្រើប្រជាជន និងតភ្ជាប់ប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh