មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនឹងបង្កើតកម្លាំងចលករថ្មី និងរបកគំហើញសម្រាប់ការអភិវឌ្ឍ
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុងហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមសន្និសីទប្រកាសជាសាធារណៈសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការចេញផ្សាយផែនការសកម្មភាពអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិនៅវៀតណាម។
ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចគឺជាអាទិភាព។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវមានមធ្យោបាយជាច្រើនដើម្បីកៀរគរដើមទុន រួមទាំងការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ។
វៀតណាមក៏បានកំណត់កំណើន GDP ក្នុងប៉ុន្មានឆ្នាំខាងមុខពី ៨% រហូតដល់ពីរខ្ទង់ ដូច្នេះទុនវិនិយោគសង្គមសរុបត្រូវតែកើនឡើងពី ៤៥-៥០% ជារៀងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំៗ វៀតណាមត្រូវការថវិកាប្រមាណពី ១៦០ ទៅ២០០ ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍទូទៅ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅក្នុងសន្និសីទ (រូបថត៖ vnanet.vn) |
ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវស្នើឡើងនូវកម្លាំងចលករថ្មីសម្រាប់កំណើន រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ រួមជាមួយនឹងការចាប់ផ្តើម និងសម្រេចគម្រោងសំខាន់ៗរបស់ប្រទេសជាតិផងដែរ។
យោងតាមលោកនាយករដ្ឋមន្ត្រី វៀតណាមមានលក្ខខណ្ឌទាំង៥ ដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីមួយ៖ វៀតណាមមានទំហំសេដ្ឋកិច្ចធំទី ៣៣ លើពិភពលោក។ ទី២៖ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាព។ ទី៣៖ វៀតណាមកំពុង អនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន៣ អំពីការសុក្រិតស្ថាប័ន ការអភិវឌ្ឍធនធាន មនុស្ស និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ស៊ីសង្វាក់គ្នា ទំនើប ហើយសម្រេចបានលទ្ធផលវិជ្ជមាន។ ទី៤៖ ទីផ្សារភាគហ៊ុនរបស់វៀតណាមមានល្បឿនអភិវឌ្ឍន៍ ឈានមុខគេក្នុងតំបន់ ជាមួយនឹងមូលធនទីផ្សារភាគហ៊ុនវៀតណាមសម្រេចបានជិត ២៩០ ពាន់លានដុល្លារអាមេរិក។ ទី៥៖ វៀតណាមមានប្រៀបខ្លាំងក្នុងការរក្សាស្ថិរភាពនយោបាយ និងសន្តិភាព។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ គឺជារឿងជៀសមិនរួច និងជាតម្រូវការសត្យានុម័តក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ៕
បកប្រែដោយ Thanh Cong