ឧទ្យានហូជីមិញ ជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពពិសេសរវាងវៀតណាម និងឈីលី
កប.អនឡាញ - នាម៉ោង ៣ និង៤៥ នាទីរសៀលថ្ងៃទី ៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោក Luong Cuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Arturo M. Benitez រដ្ឋធានី Santiago ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី តបតាមការអញ្ជើញរបស់លោក Gabriel Boric Font ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី។
* នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កា និងដាំដើមឈើអនុស្សាវរីយ៍នៅរូបសំណាកប្រធានហូជីមិញ ក្នុងបរិវេណឧទ្យានហូជីមិញ ខ័ណ្ឌ Cerro Navia រដ្ឋធានី Santiago។
លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានក្រោកឈរស្មឹងស្មាតរយៈពេលមួយនាទីដើម្បីសំដែងការដឹងគុណចំពោះលោកប្រធានហូជីមិញដែលរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍វៀតណាម និងចំណងមិត្តភាព និងសាមគ្គីភាពជាមួយបណ្ដាប្រជាជាតិជឿនលឿនលើពិភពលោក។
|
|
លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងភ្ញៀវកិត្តិយសបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅឧទ្យានហូជីមិញក្នុងខ័ណ្ឌ Cerro Navia |
លោក Mauro Tamayo អភិបាលខ័ណ្ឌ Cerro Navia បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានស្វាគមន៍លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចនៅប្រទេសឈីលី។ លោក Mauro Tamayo បានសម្តែងការកោតសរសើរ និងការគោរពចំពោះលោកប្រធានហូជីមិញដែលបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងល្អរវាងវៀតណាម និងឈីលី។ លោក Mauro Tamayo បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន និងប្រជាជនខ័ណ្ឌ Cerro Navia តែងតែខិតខំរៀនសូត្រពីអត្ដចរិតដ៏ថ្លៃថ្លារបស់លោកប្រធានហូជីមិញ ដើម្បីកសាងជីវភាពកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ខ័ណ្ឌ Cerro Navia នឹងបន្តថែរក្សា និងអភិរក្សឧទ្យាននេះ ដូចជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ដោយមានកិត្តិយសដែលបានជួបជាមួយលោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ស្របពេលភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី បានសម្តែងនូវកិត្តិយសដែលបានចូលរួមសកម្មភាពពិសេសនេះ។
លោកស្រីអតីតប្រធានាធិបតីឈីលី បានសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់របស់គាត់ចំពោះប្រទេសនិងប្រជាជនវៀតណាម ជាពិសេសការកោតសរសើរ និងគោរពចំពោះលោកប្រធានហូជីមិញ ជាវីរៈបុរសជាតិដែលបានតស៊ូដោយមិនចេះនឿយហត់ដើម្បីឯករាជ្យជាតិរបស់ប្រជាជនវៀតណាម ក៏ដូចជាចំណងសាមគ្គីភាពរបស់បណ្ដាប្រជាជាតិអន្ដរជាតិ។
|
|
លោកប្រធានរដ្ឋ Luong Cuong ថ្លែងមតិនៅពិធីរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅឧទ្យានហូជីមិញក្នុងខ័ណ្ឌ Cerro Navia |
លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណចំពោះប្រជាជនឈីលី ជាពិសេសប្រជាជននៅខ័ណ្ឌ Cerro Navia ដែលតែងតែរក្សាឧទ្យានហូជីមិញដូចជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានគូសបញ្ជាក់ថា ការដាក់រូបសំណាកលោកប្រធានហូជីមិញក្នុងបរិវេណឧទ្យានដែលបានប្រសិទ្ធនាមតាមឈ្មោះលោកប្រធានហូជីមិញ ជាសក្ខីភាពបញ្ជាក់អំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ប្រជាជនឈីលីចំពោះលោកប្រធានហូជីមិញ។
បន្ទាប់ពីពិធីនេះ លោកប្រធានរដ្ឋ Luong Cuong និងលោកស្រីអតីតប្រធានាធិបតី Michelle Bachelet បានដាំដើមឈើអនុស្សាវរីយ៍នៅឧទ្យានហូជីមិញ; និងអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងស្រុក Nam Dan ខេត្ត Nghe An របស់វៀតណាម និងខ័ណ្ឌ Cerro Navia រដ្ឋធានី Santiago ប្រទេសឈីលី៕
បកប្រែដោយ Pham Diep