វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្រ្តបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោកស្រី Dao Hong Lan រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តឆ្លើយសំណួររបស់ប្រតិភូដែលចូលរួមសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៥ អំពីក្រុមបញ្ហាទាក់ទងនឹងវិស័យសុខាភិបាល។
គួរបញ្ជាក់ថា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្លើយសំណួររបស់សមាជិករដ្ឋសភាអំពីដំណោះស្រាយដើម្បីកៀរគរការចូលរួមពីសហគមន៍អន្តរជាតិក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្រ្តបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ លោកស្រី Dao Hong Lan រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើទោះបីមានកំហិតថវិកា និងធនធានមនុស្សក៏ដោយក៏ក្រសួងសុខាភិបាលធ្វើសេនាធិការជូនរដ្ឋាភិបាលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ឬសហគមន៍អន្តរជាតិក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័ននានា រៀបចំលំហាត់សមនៃតំបន់ឆ្លើយតបបន្ទាន់សម្រាប់គ្រោះមហន្តរាយធម្មជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលសម្របសម្រួលតំបន់អាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយធម្មជាតិ។
|
|
លោកស្រី Dao Hong Lan រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ឆ្លើយសំណួររបស់ប្រតិភូដែលចូលរួមសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ (រូបថត៖ quochoi.vn) |
លោកស្រីបន្តថា៖ «តាមគំនិតផ្តួចផ្តើមរបស់លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាលកំពុងសម្របសម្រួលជាមួយបណ្តាប្រទេសសមាជិកអាស៊ាន បង្កើតនីតិវិធីស្តង់ដារ ដើម្បីទទួលក្រុមសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ នៅពេលដែលមានគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយលើសពីសមត្ថភាពឆ្លើយតបរបស់ប្រទេសនីមួយៗ។ អាស្រ័យហេតុនេះ នៅពេលទទួលបានការជូនដំណឹង ប្រទេសសមាជិកអាស៊ាននឹងបញ្ជូនក្រុមជំនួយផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសដែលរងផលប៉ះពាល់។ ក្រសួងសុខាភិបាលកំពុងតាក់តែងការណែនាំដើម្បីបង្កើតក្រុមជំនួយផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់របស់វៀតណាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិដែលមិនអាចទាយទុកជាមុនបាន និងស្មុគ្រស្មាញកាន់តែខ្លាំងឡើង»។
នៅឆ្នាំ ២០២៣ ក្នុងតួនាទីជាប្រធានគណៈកម្មការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ សម័យប្រជុំពាក់ព័ន្ធនានា។ វៀតណាមបាន និងកំពុងបង្ហាញពីស្មារតី “ម្ចាស់ការ វិជ្ជមាន និងមានទំនួលខុសត្រូវ” ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងនោះ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិគឺជាខ្លឹមសារសំខាន់មួយ ក្នុងសសរស្តម្ភនៃសហគមន៍វប្បធម៌សង្គមនៃកិច្ចសហប្រតិបត្តិការអាស៊ាន៕
បកប្រែដោយ Huyen Trang