លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងលើវិស័យជាច្រើនជាមួយស៊ុយអែត ស្របតាមសក្ដានុពល ប្រៀបខ្លាំង និងតម្រូវការរបស់ប្រទេសនីមួយៗ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យភាគីស៊ុយអែតជួយជម្រុញឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ចលនាសហភាពអឺរ៉ុបឲ្យឆាប់ដកកាតលឿង IUU សម្រាប់ជលផលនាំចេញរបស់វៀតណាម ពិចារណានិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរវៀតណាមមកទស្សនាប្រទេសស៊ុយអែតក្នុងបរិបទដែលវៀតណាមបានលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋស៊ុយអែត ហើយស្នើឲ្យសភាស៊ុយអែត លើកទឹកចិត្តធុរកិច្ចស៊ុយអែតមកបណ្តាក់ទុននៅវៀតណាម។

leftcenterrightdel
លោក Andreas Norlen ទទួលស្វាគមន៍លោកស្រី Vo Thi Anh Xuan ដែលបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត (រូបថត៖ vnanet.vn)

លោក Andreas Norlen បានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាមបង្កើតក្រុមសមាជិកសភាមិត្តភាពជាមួយស៊ុយអែត និងសម្តែងនូវការគាំទ្រចំពោះការបង្កើនសកម្មភាពចែករំលែកបទពិសោធន៍លើការបង្កើតច្បាប់ និងការត្រួតពិនិត្យរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

ភាគីទាំងពីរបានឯកភាពថា ប្រទេសទាំងពីរគប្បីទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងមានផលប្រយោជន៍រួម។ ភាគីទាំងពីរសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី ហើយឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំសភា និងគណៈកម្មាធិការជំនាញនៃសភាទាំងពីរ។ ដោយពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយអតីតអ្នកជំនាញ និងមិត្តភ័ក្តិស៊ុយអែតដែលធ្លាប់ធ្វើការ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម ជួបជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសស៊ុយអែត ជួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំប្រទេសស៊ុយអែត ទៅទស្សនាក្រុមហ៊ុន Ericsson ហើយចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាតុមូលធុរកិច្ចវៀតណាម-ស៊ុយអែត៕

បកប្រែដោយ Thuy Anh