គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងឥណ្ឌា
កប.អនឡាញ - តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។
នៅរដ្ឋធានីប៉េកាំង លោក Phan Dinh Trac បានជួបជាមួយលោក Li Xi សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិន; ជួបពិភាក្សាជាមួយលោក Chen Wenqing សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការនយោបាយ និងច្បាប់នៃបក្សកុម្មុយនិស្ដចិន និងជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការត្រួតពិនិត្យ វិន័យនិងគណៈកម្មការត្រួតពិនិត្យជាតិនៃប្រទេសចិន។
|
|
លោក Phan Dinh Trac ជួបជាមួយលោក Li Xi សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិន (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីទិសដៅជំរុញទំនាក់ទំនងវៀតណាម-ចិននាពេលខាងមុខ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់អគ្គលេខាបក្សនៃបក្សទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការផ្លាស់ប្តូរ និងជំនួបកំពូលជាប្រចាំ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ។ ជំរុញកិច្ចសហប្រតិបត្ដិការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព; សហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់និងអន្តរជាតិ; រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងដោះស្រាយការខ្វែងគំនិតគ្នា ស្របតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងច្បាប់អន្ដរជាតិ។
ភាគីទាំងពីរបានចែករំលែកលទ្ធផល និងបទពិសោធន៍ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់បក្សទាំងពីរក្នុងការកសាងបក្ស ការត្រួតពិនិត្យ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ អវិជ្ជមាននិងកំណែទម្រង់យុត្ដិធម៌។
* ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា។
|
|
លោក Nguyen Xuan Thang ជួបជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI-M) នៅទីក្រុង New Delhi កាលពីថ្ងៃទី ១១ ខែវិច្ឆិកា |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយលោក Jagdeep Dhankhar អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាឥណ្ឌា; ជួបពិភាក្សាការងារជាមួយលោក Tarun Chugh អគ្គលេខាធិការគណបក្សប្រជាជនឥណ្ឌា (BJP) កាន់អំណាច; ជួបជាមួយលោក Prakash Karat អគ្គលេខាបក្សស្តីទីនៃគណបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI-M) ; ជួបជាមួយលោក D. Raja អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា (CPI); ផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាកិច្ចការពិភពលោកឥណ្ឌា និងវិទ្យាស្ថានរដ្ឋបាលសាធារណៈឥណ្ឌា (IIPA) និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងវិទ្យាស្ថានរដ្ឋបាលសាធារណៈឥណ្ឌា ...
ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃភាគីនីមួយៗនិងប្រទេសនីមួយៗ; ផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់ ទិសដៅនិងគោលការណ៍ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា៕
បកប្រែដោយ Pham Diep