បន្តជំរុញទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងវៀតណាម និងគុយបា
កប.អនឡាញ - នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Orlando Nicolas Hernandez Guillen ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិ។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានអបអរសាទរលោក Orlando Nicolas Hernandez Guillen ដែលបញ្ចប់ដោយជោគជ័យនូវអាណត្តិរបស់ខ្លួននៅវៀតណាម និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការរក្សា ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាម និងគុយបានាពេលកន្លងមកនេះ។
លោកប្រធានរដ្ឋសភាមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានជម្រុញដោយឥតឈប់ឈរតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរ។ នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាគុយបាបានរក្សាការអភិវឌ្ឍល្អ ដែលបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។
|
|
លោក Tran Thanh Man ទទួលជួបលោក Orlando Nicolas Hernandez Guillen |
លោកប្រធានរដ្ឋសភាបានឲ្យដឹងថា វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាព និងការគាំទ្រដែលគុយបាផ្ដល់ដល់វៀតណាមក្នុងការតស៊ូរំដោះ ដើម្បីរំដោះប្រទេសជាតិ នៅអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាបច្ចុប្បន្ននេះ។ នេះគឺជាទំនាក់ទំនងមិត្តភាពពិសេសជាមួយនឹងការជឿទុកចិត្តខាងនយោបាយខ្ពស់។
លោក Orlando Nicolas Hernandez Guillen បានថ្លែងអំណរគុណចំពោះការចែករំលែករបស់លោកប្រធានរដ្ឋសភា និងការគាំទ្រដែលវៀតណាមផ្ដល់ដល់គុយបានាពេលកន្លងមកនេះ។ លោកអះអាងថា ទំនាក់ទំនងវៀតណាម-គុយបាត្រូវបានជម្រុញ ពង្រឹង និងសម្រេចបានលទ្ធផលល្អ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ ក្រសួង ស្ថាប័ននានារបស់វៀតណាមដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកក្នុងការបំពេញភារកិច្ចដោយជោគជ័យ។
លោក Orlando Nicolas Hernandez Guillen សង្ឃឹមថា លោកប្រធានរដ្ឋសភា និងរដ្ឋសភាវៀតណាមនឹងបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធក្នុងការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងលើគ្រប់វិស័យទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការមូលដ្ឋាននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោក Tran Thanh Man និងលោក Orlando Nicolas Hernandez Guillen ក៏បានពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ និងសភាទាំងពីរ ហើយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល...៕
បកប្រែដោយ Thanh Cong