នៅក្នុងកិច្ចពិភាក្សា លោក Luong Cuong និងលោក Gabriel Boric Font បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់ប្រទេសនីមួយៗ និងវាយតម្លៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ព្រមទាំងពិភាក្សាអំពីទិសដៅ និងវិធានការជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ឈីលី ឲ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។ ភាគីទាំងពីរក៏ផ្លាស់ប្តូរលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការរក្សាដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ សភាទាំងពីរ និងបណ្តាញមូលដ្ឋាន; ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាក្រុមប្រឹក្សាពាណិជ្ជកម្មសេរី និងកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។
ភាគីទាំងពីរកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានពង្រឹងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានបញ្ហាប្រឈមជាច្រើន។ ឈីលីគឺជាដៃគូពាណិជ្ជកម្មធំទី៤ របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឈីលីនៅក្នុងអាស៊ាន។
|
|
លោក Luong Cuong និងលោក Gabriel Boric Font ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឈីលី |
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបង្កើតជាផ្លូវការនូវការិយាល័យអនុព័ន្ធយោធាប្រចាំនៅប្រទេសឈីលី តាមរយៈនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅអង្គការអន្តរជាតិ និងវេទិកាអន្តរតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC) អាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក...
ភាគីទាំងពីរបានឯកភាពបន្តផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា ពាណិជ្ជកម្មសេរី កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ...។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ វេទិកាពហុភាគី និងអន្តរតំបន់។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានចែករំលែកយោបល់លើបញ្ហាតំបន់ និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថា ការវិវាទដែលទាក់ទងនឹងអធិបតេយ្យភាព និងដែនដីគប្បីដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមវៀតណាម-ឈីលីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងឯកសារសហប្រតិបត្តិការលើវិស័យកសិកម្ម វប្បធម៌ ការជម្រុញពាណិជ្ជកម្ម... ហើយចូលរួមជំនួបជាមួយសារព័ត៌មាននៃប្រទេសទាំងពីរ និងអន្តរជាតិ។
*សូមរំលឹកថា នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីស្នាក់ការសភាឈីលីនៅទីក្រុង Santiago លោក Luong Cuong ប្រធានរដ្ឋ បានជួបសវនាការជាមួយលោក José Garcia Ruminot ប្រធានព្រឹទ្ធសភាឈីលី។ លោកប្រធានព្រឹទ្ធសភាឈីលីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Luong Cuong បំពេញទស្សនកិច្ចនៅទីស្នាក់ការសភានៅ Santiago ហើយអះអាងថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករសម្រាប់លើកកំពស់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើបណ្តាញរដ្ឋ សភា និងការទូតប្រជាជន។
|
|
លោក Luong Cuong ជួបជាមួយលោក José Garcia Ruminot |
លោក Luong Cuong បានសម្តែងនូវសេចក្តីរីករាយដោយបានទៅបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសឈីលី ហើយអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលឈីលីសម្រេចបានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ លោក Luong Cuong បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ក្នុងនោះ ឈីលីមានតួនាទីសំខាន់។ វៀតណាមចងចាំជានិច្ចនូវសាមគ្គីភាព និងការគាំទ្រដ៏មានតម្លៃដែលប្រជាជនឈីលីផ្ដល់ដល់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការឯកភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាព ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។
លោកប្រធានព្រឹទ្ធសភាឈីលីបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ឈីលីនិយាយរួម និងទំនាក់ទំនងសភារវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងប្រសិទ្ធភាពលើគ្រប់វិស័យ ដូចជា នយោបាយ-ការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ ការវិនិយោគ ការអប់រំ កសិកម្ម យុត្តិធម៌...។
លោក Luong Cuong បានអះអាងថា ការពង្រឹងទំនាក់ទំនងសភាគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់នៃវិស័យការបរទេសរបស់ប្រទេសទាំងពីរ ហើយសម្ដែងនូវការគាំទ្រសភានៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការជំរុញសកម្មភាពផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ និងការផ្លាស់ប្តូរគណៈប្រតិភូសភាគ្រប់លំដាប់ថ្នាក់ ការសហការក្នុងសកម្មភាពនៅវេទិកាសហភាពអន្តរសភា សហភាពសភាអាស៊ី-ប៉ាស៊ីហ្វិក... លោកប្រធានរដ្ឋបានស្នើឲ្យសភានៃភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់តួនាទីរបស់ខ្លួនតាមរយៈការគាំទ្រការផ្តួចផ្តើមគំនិត និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល ក្រសួង និងមូលដ្ឋាននានានៃប្រទេសទាំងពីរ រួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
* នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា លោក Luong Cuong ប្រធានរដ្ឋ បានជួបសវនាការជាមួយលោកស្រី Karol Cariola ប្រធានរដ្ឋសភា និងជាប្រធានក្រុមសភាមិត្តភាពឈីលី-វៀតណាម។
|
|
លោក Luong Cuong ជួបជាមួយលោកស្រី Karol Cariola |
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសភាទាំងពីរមានការអភិវឌ្ឍជាវិជ្ជមាននាពេលកន្លងមក តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងជំនួបទ្វេភាគីនៅខាងក្រៅសន្និសីទពហុភាគី គឺសក្ខីភាពអោយទំនាក់ទំនងល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា ការពង្រឹងទំនាក់ទំនងសភាគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់នៃកិច្ចការបរទេសរបស់ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងឈីលី ក៏ដូចជាការបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលរវាងប្រទេសទាំងពីរ។
លោកស្រី Karol Cariola បានឯកភាពថា នាពេលខាងមុខ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងការផ្លាស់ប្តូរវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញរបស់រដ្ឋសភានៃប្រទេសទាំងពីរ ក្នុងការបណ្តុះបណ្តាល លើកកំពស់សមត្ថភាពកម្មាភិបាល ចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវ ផ្ដល់យោបល់ និងការរៀបចំសកម្មភាពសភា ក៏ដូចជាបន្តជំរុញយន្តការសហការនៅវេទិកាពហុភាគី គាំទ្រគោលជំហរបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕
បកប្រែដោយ Thuy Anh