បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកដែលបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Kazan លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយលោក Alexander Novak ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី; អញ្ជើញចូលរួមក៏មានលោក Maksim Reshetnikov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលោក Anton Alikhanov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់អាកាសយានដ្ឋានអន្តរជាតិ Kazan ចាប់ផ្តើមដំណើរទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រុម BRICS បូក (រូបថត៖ vnanet.vn)

ដោយសម្តែងការគោរព និងគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមចំពោះតួនាទីជាប្រធាន BRICS របស់រុស្ស៊ីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ព្រមទាំងទទួលស្គាល់នូវលទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលសម្រេចបានរវាងប្រទេសទាំងពីរចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ចូលរួមជាមួយរដ្ឋាភិបាលរុស្ស៊ីក្នុងការស្វែងរកដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងសក្តានុពល ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Alexander Novak ឧបនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រី Alexander Novak បានអះអាងថា លោកប្រធានាធិបតី Vladimir Putin និងថ្នាក់ដឹកនាំរដ្ឋាភិបាលរុស្ស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ លោកបានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចំពោះការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បូកនៅទីក្រុង Kazan ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីសម្រាប់ទំនាក់ទំនង វៀតណាម-សហព័ន្ធរុស្សី។

ភាគីទាំងពីរបានទទួលស្គាល់នូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមក រួមទាំងវិស័យថាមពល ប្រេង និងឧស្ម័ន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ក្នុងបរិបទដែលប្រទេសជាច្រើនងាកទៅរកការប្រើប្រាស់ថាមពលបៃតង និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ីបន្តយកចិត្តទុកដាក់ និងជំរុញកាលានុវត្តភាពសហប្រតិបត្តិការថ្មីជាមួយវៀតណាម ទន្ទឹមនឹងនោះបន្តលើកកម្ពស់ប្រសិទ្ធភាពនៃឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងវិស័យសំខាន់នេះ។ រីឯលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មរុស្ស៊ី រួមទាំងអង្គភាពអាជីវកម្មប្រេង និងឧស្ម័ន មានចំណាប់អារម្មណ៍ចង់ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅវៀតណាម។

* នារសៀលថ្ងៃដដែល តាមម៉ោងក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយលោក Sergei Tsivilev រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Sergei Tsivilev រដ្ឋមន្ត្រីក្រសួងថាមពលនៃសហព័ន្ធរុស្ស៊ី (រូបថត៖ chinhphu.vn)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយមានបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ការផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងសកម្មនៅគ្រប់លំដាប់ថ្នាក់ និងតាមបណ្តាញនានា ព្រមទាំងបានបន្តពង្រឹងមូលដ្ឋាននយោបាយសម្រាប់ក្រសួង ស្ថាប័ន អង្គភាពអាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ រួមទាំងវិស័យថាមពល ប្រេង និងឧស្ម័ន ដែលជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ី។

ដោយវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោករដ្ឋមន្ត្រីថាមពលរុស្ស៊ីជឿជាក់ថា មតិគន្លឹះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុងកិច្ចប្រជុំនឹងបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានអះអាងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាក្រសួងថាមពលរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ វៀតណាម-សហព័ន្ធរុស្ស៊ី ក្នុងរយៈពេលកន្លងមក ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញគម្រោងសហប្រតិបត្តិការលើវិស័យថ្មីៗនាពេលខាងមុខ  ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិវត្តកម្មថាមពល ការប្រើប្រាស់ថាមពលបៃតង ថាមពលស្អាត និងថាមពលអាតូមិកសម្រាប់គោលបំណងសន្តិភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ និងស្នើឱ្យលោករដ្ឋមន្ត្រី Sergei Tsivilev បន្តគាំទ្រកិច្ចសហប្រតិបត្តិការ វៀតណាម-សហព័ន្ធរុស្ស៊ី លើវិស័យថាមពល ប្រេង និងឧស្ម័ន ព្រមទាំងយកចិត្តទុកដាក់ ដឹកនាំក្រសួងថាមពលរុស្ស៊ីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញរបស់វៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ អនុវត្តគម្រោងសហប្រតិបត្តិការលើទឹកដីរបស់គ្នាទៅវិញទៅមក គាំទ្រការតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលសម្រាប់វៀតណាមលើវិស័យថាមពល ប្រេង និងឧស្ម័ន ហើយទន្ទឹមនឹងនោះ អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ។

* នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបតំណាងស្ថានទូត ស្ថានអគ្គកុងស៊ុល និងសហគមន៍អណិកជនវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Thanh Cong