ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-អាល្លឺម៉ង់ លើគ្រប់វិស័យ
កប.អនឡាញ - នាថ្ងៃទី ៧ ខែតុលា នៅទីក្រុង Hamburg នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានប្រព្រឹត្តទៅពិធីបើកកិច្ចប្រជុំទីក្រុង Hamburg ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (HSC)។ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
HSC គឺជាគំនិតផ្តួចផ្តើមរបស់លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចាប់ផ្តើមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ ២០២៣។ កិច្ចប្រជុំបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែតុលា ជាមួយនឹងការពិភាក្សាជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
* នារសៀលថ្ងៃទី ៧ តុលា នៅទីក្រុង Hamburg លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានទទួលជួបលោកស្រី Svenja Schulze រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់។ លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់។ លោកបានវាយតំលៃខ្ពស់ថា ក្នុងរយៈពេលជិត ៥ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត ប្រទេសទាំងពីរតែងតែខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោកបានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ លើកទឹកចិត្តសហគ្រាសអាល្លឺម៉ង់ ជំរុញការវិនិយោគ និងផ្ទេរបច្ចេកវិទ្យា ដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាពិសេសថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងអ៊ីដ្រូសែនបៃតង។ លោកក៏បានស្នើឲ្យអាល្លឺម៉ង់បន្តជួយឧបត្ថម្ភ ODA សម្រាប់វៀតណាមអនុវត្តគម្រោងការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ល។
|
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស) |
លោកស្រីរដ្ឋមន្ត្រី Svenja Schulze បានអះអាងថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាល្លឺម៉ង់។ លោកស្រីបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក។ លោកស្រីបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពថា ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលធនធានមនុស្ស ។ល។
* ក្នុងឱកាសចូលរួមកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានទទួលជួបលោកស្រី Mafalda Duarte នាយិកាប្រតិបត្តិនៃមូលនិធិអាកាសធាតុបៃតង (GCF) និងជួបជាមួយលោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិនៃមូលនិធិវិនិយោគអាកាសធាតុ (CIF)៕
បកប្រែដោយ Huyen Trang