លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមទទួលជួបមេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង
កប.អនឡាញ -នារសៀលថ្ងៃទី២៦ ខែសីហា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Kim Jong Uk មេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង និងលោកជំទាវដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ថ្លែងក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពី មនោសញ្ចេតនា ចំណងមិត្តភាពវៀតណាមនិងកូរ៉េខាងត្បូង។ ក្នុងឱកាសនេះ តាមរយៈមេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង លោក To Lam បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Yoon Suk Yeol ដែលរួមចំណែកដ៏ធំធេងចំពោះទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ ជាពិសេសមនោសញ្ចេតនាចំពោះវៀតណាម និងលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមផ្ទាល់។
|
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Kim Jong Uk មេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមបានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរដំឡើងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែធ្នូ ឆ្នាំ២០២២; ព្រមទាំងស្វាគមន៍ក្រសួងនគរបាលវៀតណាម និងកងឆ្មាំសមុទ្រកូរ៉េខាងត្បូងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាមួយនឹងសកម្មភាពសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ លោក To Lam បានស្នើថា នាពេលខាងមុខ ក្រសួងនគរបាលវៀតណាម និងកងឆ្មាំសមុទ្រកូរ៉េខាងត្បូងផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ តាមរយៈនោះ ដាក់ចេញផែនការសហប្រតិបត្តិការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ស្របនឹងសក្តានុភាពនៃកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារទាំងពីរ។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរបទពិសោធន៍ និងជួយលើកកម្ពស់សមត្ថភាពដល់កងកម្លាំងនគរបាលផ្លូវទឹកវៀតណាម និងក្រសួងនគរបាលវៀតណាមក្នុងការដោះស្រាយស្ថានភាពនៅផ្ទៃទន្លេ និងសមុទ្រ៕
បកប្រែដោយ Pham Diep