ខេត្ត Lao Cai ខិតខំប្រឹងប្រែងដើម្បីលប់បំបាត់លំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ប្រជាជន
កប.អនឡាញ - ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត នាពេលថ្មីៗនេះ ស្រុក Bac Ha (ខេត្តLao Caiភាគខាងជើងវៀតណាម) បានកៀរគរធនធានដើម្បីជួយគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រជាច្រើនបានលប់បំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ អាជ្ញាធរមូលដ្ឋានគ្រោងបញ្ចប់ ១០០% នៃគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម នៅចុងខែមិថុនា ឆ្នាំ២០២៥...
មានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល
អនុវត្តគោលការណ៍របស់បក្ស រដ្ឋ អំពីការអនុវត្តគោលនយោបាយជូនអ្នកមានគុណនឹងបដិវត្តន៍ និងរួមដៃគ្នាជួយជនក្រីក្រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានប័ន មន្ទីរគ្រប់ថ្នាក់នៅស្រុក Bac Ha តែងតែយកចិត្តទុកដាក់ថែរក្សា ដើម្បីប្រជាជនគ្រប់ៗគ្នា ទទួលបានគោលនយោបាយសន្តិសុខសង្គម រួមទាំងគោលនយោបាយស្តីពីការជួយគាំទ្រសម្រាប់ការជួសជុល និងសាងសង់ផ្ទះថ្មី។
ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលជួយគ្រួសាររក្សាលំនឹងជីវភាពរស់នៅនោះ ក្នុងឆ្នាំ២០២៣ ស្រុកទាំងមូលបានបញ្ចប់ការឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះចំនួន ២៨៧ ខ្នង ដោយចំណាយថវិកាសរុបជាង ១១ពាន់លានដុង។ ក្នុងឆ្នាំ ២០២៤នេះ ស្រុក Bac Ha បានអនុម័តបញ្ជីជួយគាំទ្រសម្រាប់ ៧០៥ គ្រួសារ ដើម្បីលប់បាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម (សាងសង់ផ្ទះថ្មីចំនួន ៤៧៩ ខ្នង ជួសជុល ផ្ទះចំនួន ២២៦ ខ្នង) ដោយចំណាយថវិកាសរុបជិត ២៣,៧ ពាន់លានដុង។ បច្ចុប្បន្ន ស្រុកទាំងមូលនៅតែមាន ១១១៩ គ្រួសារដែលត្រូវការផ្ទះថ្មី ឬជួសជុលផ្ទះ... ដើម្បីបំពេញគោលដៅនេះ ក្រៅពីលើថវិកាដែលទទួលបានពីកម្មវិធី គម្រោង និងគោលនយោបាយសន្តិសុខសង្គមនោះ គឺត្រូវការការជួយគាំទ្រពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍អង្គភាពអាជីវកម្ម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
|
|
តំណាងអាជ្ញាធរ ស្ថាប័ន អង្គការមហាជន កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារលោក Thao Chan Khoi បើកការដ្ឋានសាងសង់ផ្ទះថ្មី |
ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រៅពីថវិការដ្ឋ ខេត្ត Lao Cai និងស្រុក Bac Ha បានប្រមូលធនធានពីសង្គម និងការជួយគាំទ្រពីប្រជាជន។ នាដើមខែសីហា ឆ្នាំ២០២៤ ពីមូលនិធិសង្គមភាវូបនីយកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lao Cai បានបែងចែកថវិកាចំនួន ៣ ពាន់លានដុង ជូនស្រុក Bac Ha ដើម្បីជួយគាំទ្រការលប់បំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។
ភាពរីករាយនៃការសាងសង់ផ្ទះថ្មី
យើងមានវត្តមាននៅផ្ទះរបស់លោក Thao Seo Chan ជនជាតិ Mong ស្ថិតក្នុងភូមិ San Tra Then Van ឃុំ Lung Cai ស្រុក Bac Ha នៅថ្ងៃដែលគ្រួសាររបស់គាត់បានចាប់ផ្តើមសាងសង់ផ្ទះថ្មីជាមួយនឹងថវិកាឧបត្ថម្ភជាង 40 លានដុង។ លោក Chan បានឲ្យដឹងថា៖ «គ្រួសារខ្ញុំមានគ្នា ៤នាក់ រស់នៅផ្ទះចាស់ទ្រុឌទ្រោម។ នៅថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ខ្ញុំខ្លាចខ្យល់បក់បោកដំបូលផ្ទះ។ ខ្ញុំចង់សង់ផ្ទះថ្មីជាយូរមកហើយ ប៉ុន្តែខ្ញុំមិនមានលុយគ្រប់គ្រាន់ ដូច្នេះខ្ញុំបានស្នាក់ជាបណ្ដោះអាសន្នបែបនេះ។ ឥឡូវបានលុយសង់ផ្ទះហើយ គ្រួសារខ្ញុំសប្បាយចិត្តណាស់!»។
មានក្តីរីករាយដូចគ្នាក្នុងការទទួលបានជំនួយថវិកាដើម្បីសាងសង់ផ្ទះ លោក Thao Seo Din នៅភូមិ Sin Chai Lung Chin ឃុំ Lung Cai ក៏បានចាប់ផ្តើមសាងសង់ផ្ទះថ្មីដែរ។ លោក Din ជាជនជាតិ Mong អាយុ ៥៩ ឆ្នាំ។ ជីវភាពគ្រួសាររបស់គាត់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពឹងពឹងផ្អែកទាំងស្រុងលើផលិតកម្មកសិកម្ម ដូច្នេះប្រាក់ចំណូលនៅតែមានកម្រិតទាប។ ទោះជាបានសន្សំប្រាក់អស់ជាច្រើនឆ្នាំមក តែ លោក Din មិនមានលុយគ្រប់គ្រាន់សម្រាប់សង់ផ្ទះថ្មីជំនួសផ្ទះចាស់ទ្រុឌទ្រោមទេ។ សំណាងល្អ ក្នុងឱកាសនេះ គ្រួសារលោក Din បានទទួលជំនួយថវិកាពីអាជ្ញាធរមូលដ្ឋាន ដើម្បីសាងសង់ផ្ទះថ្មី។ លោក Din បានថ្លែងដោយរំជួលចិត្តថា៖ «ខ្ញុំអរគុណបក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះថ្មី។ ខ្ញុំនឹងធ្វើការងារយ៉ាងសកម្ម ហើយឲ្យកូនៗខ្ញុំទទួលបានការសិក្សាពេញលេញ ដើម្បីឲ្យជីវភាពគ្រួសារខ្ញុំនឹងរួចផុតពីភាពក្រីក្រ»។
គ្រួសារដែលបានទទួលជំនួយថវិកាដើម្បីសាងសង់ផ្ទះដូចជាលោក Dinh និងលោក Chan មានការរំភើបចិត្តជាខ្លាំង ព្រោះក្តីស្រមៃចង់បានផ្ទះថ្មីជិតក្លាយជាការពិតហើយ។ ការគាំទ្រ និងជំនួយថវិការពីអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមានអត្ថន័យជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្លាំងចិត្តដល់ប្រជាជនបន្ថែមទៀតដើម្បីឱ្យមានជំនឿលើការងើបចេញពីភាពក្រីក្រ។
បកប្រែដោយ Duy Hoan