ជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព
កប.អនឡាញ - អ្នកជំនាញ អ្នកប្រាជ្ញអន្តរជាតិ និងសារព័ត៌មានបរទេសវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន។
កាលពីថ្ងៃទី ១៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក Chen Hongsheng នាយកវិទ្យាស្ថានសិក្សាវៀតណាម បណ្ឌិតសភាវិទ្យាសាស្រ្តសង្គម Guangxi (ប្រទេសចិន) ថា៖ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជ្រើសរើសប្រទេសចិនជាទិសដៅសម្រាប់ដំណើរទៅបរទេសជាលើកដំបូងក្នុងឋានៈជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានបង្ហាញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានទៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង បានទៅទស្សនាកន្លែងនានាដែលទាក់ទងជាមួយបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ និងជួបជាមួយតំណាងអ្នកប្រាជ្ញមិត្តភាពនៃប្រទេសចិន។ ប្រកានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី។
លោក Yu Xiangdong នាយកវិទ្យាស្ថានសិក្សាវៀតណាមនៃសាកលវិទ្យាល័យ Zhengzhou (ប្រទេសចិន) បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម គឺជាជម្រើសយុទ្ធសាស្ត្រផ្អែកលើការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាសកម្មភាពសំខាន់មួយក្នុងឆមាសទីពីរនៃការទូតវៀតណាម បង្ហាញនូវគោលជំហរដ៏ខ្ជាប់ខ្ជួន និងជម្រើសគោលនយោបាយ "ការទូតឫស្សី"របស់វៀតណាម ដែលមានផលប្រយោជន៍ចំពោះបុព្វហេតុដ៏ថ្លៃថ្លានៃទំនើបកម្មដែលបក្សកុម្មុយនិស្តវៀតណាមកំពុងជំរុញឥតឈប់ឈរ ស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។
|
|
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន |
កាសែត Global Times បានដកស្រង់សម្តីលោក Yu Xiangdong បានសន្និដ្ឋានថា៖ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជ្រើសរើសទីក្រុង Guangzhou ជាកន្លែងដំបូងក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន មានអត្ថន័យសំខាន់ក្នុងបរិបទនៃខួបលើកទី ១០០ ឆ្នាំ ដែលសមមិត្ត Nguyen Ai Quoc បានទៅដល់ទីក្រុង Guangzhou ដើម្បីធ្វើសកម្មភាពបដិវត្តន៍ (១១ វិច្ឆិកា ១៩២៤ / ១១ វិច្ឆិកា ២០២៤) ក្នុងនាមជាតំណាងរបស់កុម្មុយនិស្តអន្តរជាតិ។ ព្រឹត្តិការណ៍នេះបង្ហាញពីប្រពៃណីបដិវត្តន៍ដ៏ជ្រាលជ្រៅ និងមិត្តភាពដ៏មានតម្លៃរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ យោងតាមលោក Yu Xiangdong ផងដែរ ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តខ្សែរថភ្លើងតភ្ជាប់វៀតណាម និងចិន។ នេះជាជំហានដ៏សំខាន់មួយ រួមចំណែកដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ សមស្របនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចវៀតណាម។
ព្រឹត្តិការណ៍នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសចិនមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនទាក់ទងនឹងដំណើរទស្សនកិច្ចនេះ។
ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានឲ្យដឹងថា ការដែល លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជ្រើសរើសប្រទេសចិនជាទិសដៅសម្រាប់ដំណើរទៅបរទេសលើកដំបូង បន្ទាប់ពីបានចូលកាន់តំណែងថ្មី បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមសម្រាប់ប្រទេសជិតខាង។ នៅក្នុងអត្ថបទនោះ AP បានរំលឹកឡើងវិញនូវពាក្យសម្ដីរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន អំពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងវៀតណាម និងចិន។ យោងតាមសារព័ត៌មាន AP មេដឹកនាំចិនបានអះអាងថា វៀតណាមគឺជាអាទិភាពមួយក្នុងគោលនយោបាយ "ការទូតជាមួយប្រទេសជិតខាង" របស់ទីក្រុងប៉េកាំង ហើយបាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវបន្តមរតក និងលើកកម្ពស់ប្រពៃណីមិត្តភាពដ៏យូរអង្វែងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់បុព្វហេតុនៃសង្គមនិយមសកល។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW ក៏បានរាយការណ៍ផងដែរអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។ ជាពិសេស DW បានសង្កត់ធ្ងន់លើអត្ថន័យនៃដំណើរទស្សនកិច្ចសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ក៏បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងចិនក្នុងវិស័យពាណិជ្ជកម្ម។ យោងតាម DW ការបង្កើតក្របខ័ណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសទាំងពីរក្នុងឆ្នាំ ២០០៨ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ ហើយជាលទ្ធផល នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិនបានកើនលើស ១៧១ ពាន់លានដុល្លារអាមេរិក។
DW បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ឆ្លុះបញ្ចាំងពីទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលដឹកនាំដោយបក្សកុម្មុយនិស្ត។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន ក្នុងខែធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានចាត់ទុកថាជា "ការចាប់ផ្តើមដ៏ល្អ" សម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ៕
បកប្រែដោយ Duy Hoan