សារព័ត៌មាន ANI បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នទាមទារឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសឥណ្ឌា និងវៀតណាម ហើយប្រទេសទាំងពីរគប្បីឯកភាពគ្នាដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ដោយផ្អែកលើទំនាក់ទំនងទ្វេភាគីល្អដែលមានស្រាប់រវាងវៀតណាម និងឥណ្ឌា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរជាប្រចាំនៅគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនឹងនោះ លោក Pham Minh Chinh និងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះយន្តការពហុភាគីរវាងប្រទេសទាំងពីរលើវិស័យដូចជា គោលនយោបាយការបរទេស សន្តិសុខ និងនាវាចរណ៍ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការផ្លាស់ប្តូររវាងសភាទាំងពីរ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌។ល។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីពីកម្រិតបច្ចុប្បន្នប្រមាណ ១៥ ពាន់លានដុល្លារឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រី (រូបថត៖ vnanet.vn)

នាថ្ងៃដដែល គេហទំព័រព័ត៌មាន Hindustantimes បានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសឥណ្ឌា បានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល និងថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានដាក់ទិសដៅជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់វៀតណាម និងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់ អន្តរជាតិ និងវេទិកាពហុភាគី ព្រមទាំង រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

សារព័ត៌មានឥណ្ឌាល្បីឈ្មោះមួយចំនួនទៀតបានធ្វើការអត្ថាធិប្បាយថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ហើយកាន់តែមានសារៈសំខាន់ ខណៈដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដោយផ្អែកលើផលប្រយោជន៍រួម និងអាទិភាពនៃប្រទេសទាំងពីរ។ មាគ៌ានេះនឹងរួមចំណែកដល់ការបង្កើនស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យោងតាមលោក Jaideep Mazumdar អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាទទួលបន្ទុកភាគខាងកើត ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅឥណ្ឌាបន្ទាប់ពីរយៈពេល ១០ ឆ្នាំមានអត្ថន័យសំខាន់ បន្ទាប់ពីប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

លោក Mazumdar បានអះអាងថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើត ជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាដៃគូសំខាន់មួយក្នុងអាស៊ាន។ វៀតណាមជាប្រទេសមួយដែលមានទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងទាំងប្រវត្តិសាស្ត្រ និងអរិយធម៌ជាមួយឥណ្ឌា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន... ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏មានចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍រួមផងដែរ៖ វៀតណាមខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ ក្នុងចំណោមប្រទេសឧស្សាហកម្មឈានមុខគេនៅអាស៊ីនៅឆ្នាំ២០៤៥ ហើយប្រទេសឥណ្ឌាមានបំណងប្រាថ្នាក្លាយជា "Viksit Bharat" (ឥណ្ឌាអភិវឌ្ឍន៍) នៅឆ្នាំ២០៤៧។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកសាស្ត្រាចារ្យ Reena Marwah នៅសាកលវិទ្យាល័យ Delhi (ឥណ្ឌា) និងជាអគ្គលេខាធិការសមាគមអ្នកប្រាជ្ញអាស៊ីបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានសារៈសំខាន់សម្រាប់វៀតណាម-ឥណ្ឌា  និងក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅកម្រិតខ្ពស់លើគ្រប់វិស័យ។ អនុស្សរណៈនៃការយោគយល់គ្នាជាច្រើនត្រូវបានចុះហត្ថលេខា ហើយលើកកម្ពស់ការយល់ដឹងឡើងកម្រិតថ្មីស្តីពីគោលនយោបាយអភិវឌ្ឍន៍ដែលប្រកាន់យកប្រជាជនជាស្នូល។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហានានា ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត...៕

បកប្រែដោយ Thuy Anh