យថាទស្សន៍ល្អនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឥណ្ឌា
កប.អនឡាញ - ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា បានបើកដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងឥណ្ឌា។
នេះគឺជាការសន្និដ្ឋានរបស់លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ច និងការចែករំលែកផែនការសហប្រតិបត្តិការនាពេលខាងមុខ។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា (រូបថត៖ baochinhphu.vn) |
លោក Nguyen Chi Dung បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងនឹងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និង MOU ដែលមានស្រាប់ ក៏ដូចជាសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងបច្ចុប្បន្ន។ ទីពីរ គម្រោងធំៗទាក់ទងនឹងឱសថ អាចត្រូវបានអនុវត្តភ្លាមៗ ដោយសាងសង់មជ្ឈមណ្ឌលផលិតស្រាវជ្រាវ និងផ្គត់ផ្គង់ឱសថដល់ពិភពលោក។ បន្ទាប់មក យើងជំរុញការកសាងគម្រោងកំពង់ផែ Lien Chieu នៅទីក្រុង Da Nang; គម្រោងសាងសង់មជ្ឈមណ្ឌលឡូជីស្ទិក ប្រេង និងឧស្ម័ន។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យបង្កើតក្រុមការងារជាបន្ទាន់ ដើម្បីជួយធុរកិច្ចឥណ្ឌា ក្នុងដំណើរការសិក្សាស្រាវជ្រាវគោលនយោបាយ និងបំពេញនីតិវិធីរបស់វៀតណាម និងឆាប់ដាក់ពង្រាយការទាក់ទាញការវិនិយោគពីឥណ្ឌាទៅវៀតណាម”។
បច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៦ នៅក្នុងកិច្ចប្រជុំកំពូល G២០ នៅប្រទេសចិន លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រឆ្ពោះទៅទិសខាងកើតរបស់ប្រទេសនេះ។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានចាត់ទុកថា នៅតែមានឱកាស និងសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong