នៅក្នុងជំនួប លោក Le Hoai Trung បានអះអាងថា បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយជប៉ុន ព្រមទាំងមានបំណងចង់រួមជាមួយជប៉ុន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក Le Hoai Trung បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងការយោគយល់គ្នា និងបង្កើនទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់លើបណ្តាញរដ្ឋាភិបាល រដ្ឋសភា រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន; សម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ល។

leftcenterrightdel
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស ទទួលជួបលោក Tokai Kisaburo ប្រធានគណៈកម្មាធិការស្រាវជ្រាវគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន

លោក Tokai Kisaburo បានសង្កត់ធ្ងន់ថា ជប៉ុនចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោក Tokai Kisaburo ក៏បានបញ្ជាក់ដែរថា ជប៉ុនត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្ស បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងការផ្តល់ ODA ជំនាន់ថ្មីដល់វៀតណាម ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព។

* នាថ្ងៃដដែល លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Tokai Kisaburo។ លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយឧបត្ថម្ភជប៉ុនក្នុងការដោះស្រាយបញ្ហានៃភាពចាស់នៃចំនួនប្រជាជន និងធ្វើឱ្យឧស្សាហកម្ម semiconductor របស់ជប៉ុនមានភាពរស់រវើកឡើងវិញតាមរយៈការបញ្ជូនកម្លាំងពលករ រួមទាំងកម្លាំងពលករប្រកបដោយគុណភាពខ្ពស់។ លោក Bui Thanh Son បានស្នើឱ្យជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចបានគោលដៅបណ្តុះបណ្តាលវិស្វករឧស្សាហកម្ម semiconductor ចំនួន ៥ ម៉ឺន នាក់ដល់ឆ្នាំ ២០៣០ និងបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅជប៉ុន។ លោក Bui Thanh Son ក៏បានស្នើឱ្យរដ្ឋាភិបាលជប៉ុនសម្រួល និងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Tokai Kisaburo ប្រធានគណៈកម្មាធិការស្រាវជ្រាវគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Tokai Kisaburo បានឯកភាពនឹងសំណើររបស់លោករដ្ឋមន្ត្រី Bui Thanh Son ព្រមទាំងអះអាងថា នឹងបន្តគាំទ្រ និងផ្តល់យោបល់ដល់រដ្ឋាភិបាលជប៉ុនអំពីគោលនយោបាយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុននឹងបន្តមានគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផល និងទាក់ទាញពលករបរទេស រួមទាំងពលករវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang