នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តខាងនយោបាយ; អនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព; បន្តជំរុញការបញ្ចប់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី; ទាញយកផលប្រយោជន៍ពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកបដោយប្រសិទ្ធភាព។

ដោយចាត់ទុកអង្ករជាទំនិញសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរពន្យារពេលឆាប់ៗ  ឬចុះហត្ថលេខាថ្មីលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្ករ រួមចំណែកធានាសន្តិសុខស្បៀង; ជំរុញឱ្យទីម័រឡេស្តេបង្កើនការនាំចូលទំនិញវៀតណាមដែលសមស្របនឹងតម្រូវការរបស់ទីម័រឡេស្តេ ដូចជាវាយនភណ្ឌ ស្បែកជើង ភេសជ្ជៈ អាហារទឹកដោះគោ អាហារកែច្នៃ កសិផល និងជលផល។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Jose Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេក្នុងជំនួប

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីម័រឡេស្តេឆាប់ដោះស្រាយបញ្ហាអាជីវកម្មរបស់សហគ្រាសវៀតណាមនៅក្នុងតំបន់ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមពង្រីកការវិនិយោគអាជីវកម្ម ជាពិសេសលើវិស័យទូរគមនាគមន៍ ផ្តល់ដំណោះស្រាយសេវាកម្មឌីជីថល ការរុករក និងការកេងប្រវ័ញ្ចប្រេង និងឧស្ម័ន។

លោក Jose Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ សម្តែងនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ។  លោកបានសង្ឃឹមថា វៀតណាមនឹងគាំទ្រទីម័រឡេស្តេ លើវិស័យដែលវៀតណាមមានប្រៀបខ្លាំងដូចជា៖ កសិកម្ម និងធានាសន្តិសុខស្បៀង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ; បង្កើនវត្តមានវិនិយោគនៅទីម័រឡេស្តេ ព្រមទាំងសន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម។

ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលឆាប់ៗនេះ។ លោកប្រធានាធិបតីទីម័រឡេស្តេបានអះអាងថា ទីម័រឡេស្តេត្រៀមខ្លួនជាស្រេចគាំទ្របេក្ខភាពរបស់វៀតណាមសម្រាប់គ្រប់យន្តការ អង្គការពហុភាគី តំបន់ និងអន្តរជាតិ។

ភាគីទាំងពីរក៏បានសន្យាបន្តគាំទ្រគោលជំហរជាគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត ក៏ដូចជាការខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាអំពីក្រមប្រតិបត្តនៅសមុទ្រខាងកើត (COC)៕

បកប្រែដោយ Huyen Trang