នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត។ ទំនុកចិត្តខាងនយោបាយបន្តត្រូវបានពង្រឹងឥតឈប់ឈរ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់បានប្រព្រឹត្តទៅជាទៀងទាត់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ និងបណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការរវាងបបណ្ដាមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងក្នុងជំនួប ( រូបថត៖ vnanet.vn)

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ឯករាជ្យភាព សេដ្ឋកិច្ចដោយម្ចាស់ការ និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ កែលម្អបរិយាកាសវិនិយោគ ជំរុញការដោះស្រាយបញ្ហាក្នុងកិច្ចសហប្រតិបត្តិការ ODA និង FDI រវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភាវៀតណាម សង្ឃឹមថា លោក Tokai នឹងគាំទ្រ និងជំរុញរដ្ឋាភិបាលជប៉ុនផ្តល់ ODA ជំនាន់ថ្មីដល់​វៀតណាមដោយផ្តោតលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  ដូចជាផ្លូវរថភ្លើងក្នុងទីក្រុង ផ្លូវរថភ្លើងល្បឿនលឿន ជំរុញការវិនិយោគ និងផ្ទេរបច្ចេកវិទ្យារបស់សហគ្រាសជប៉ុន និងគាំទ្រសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃ​សកល​របស់ដៃគូជប៉ុន និងបើកទីផ្សារសម្រាប់ទំនិញផ្លែឈើវៀតណាម...

អំពីការអប់រំនិងបណ្តុះបណ្តាល លោកប្រធានរដ្ឋសភាវៀតណាមបានស្នើជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងថ្នាក់ដឹកនាំយុទ្ធសាស្ត្រ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរតាមរយៈការបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសជប៉ុន ព្រមទាំងអនុវត្តកម្មវិធី NEXUS ប្រកបដោយប្រសិទ្ធភាព (កម្មវិធីសិក្សាស្រាវជ្រាវនិងផ្លាស់ប្ដូរនិស្សិតបរទេស ដោយឈរលើលទ្ធផលនៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុនឆ្នាំ ២០២៣)។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួន ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិវត្តកម្មបៃតង ការធ្វើបរិវត្ដកម្មឌីជីថល ការកាត់បន្ថយការបំភាយឧស្ម័ន និងការបំប្លែងថាមពល ហើយបន្តជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការ និងគម្រោងថ្មីៗបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសហគមន៍ការបំភាយឧស្ម័នសូន្យនៅអាស៊ី (AZEC)  និងជួយគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលវិស្វករផ្នែក semiconductor ចំនួន ៥០,០០០ នាក់ ដល់ឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបង្កើនការសម្របសម្រួល ចែករំលែកគោលជំហរ និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

យោងតាមលោក Tokai ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះមានអត្ថន័យសំខាន់ ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុននៅឆ្នាំ២០២៣។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្ដន៍…៕

បកប្រែដោយ Pham Diep