ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានសង្កត់ធ្ងន់លើសមិទ្ធិផលរបស់វៀតណាមក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
កប.អនឡាញ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានរាយការណ៍អំពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ខណៈពេលដែលរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីព និងការកាន់មុខតំណែងនានារបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាម។
នៅក្នុងកម្មវិធីផ្សាយផ្ទាល់កាលពីថ្ងៃទី ១៩ ខែកក្កដា របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ១ លោក Vyacheslav Nikonov អ្នកនយោបាយ អតីតសមាជិកសភា Duma (សភាតំណាងរាស្រ្ត) នៃប្រទេសរុស្ស៊ី បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។ អ្នកនយោបាយ Nikonov បានចាត់ទុកលោកអគ្គលេខាបក្ស Nguyen Phu Trong ជា“មិត្តដ៏អស្ចារ្យរបស់រុស្ស៊ី” ដោយសង្កត់ធ្ងន់ថា “គាត់ពិតជាមិត្តដ៏អស្ចារ្យរបស់ប្រទេសយើង ហើយជាឥស្សរជនដែលមានឥទ្ធិពលយ៉ាងខ្លាំងលើទំនាក់ទំនងអភិវឌ្ឍដោយជោគជ័យរវាងប្រទេសទាំងពីរ”។
គេហទំព័រការពិតយុវជនកុម្មុយនិស្ត Komssomol បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យបំផុតក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម ដោយធានាបាននូវល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) មានស្ថិរភាព។
ចែករំលែកមតិពោលខាងលើនេះ សារព័ត៌មានជប៉ុនជឿជាក់ថា សមិទ្ធិផលលេចធ្លោបំផុតរបស់វៀតណាមក្នុងអំឡុងការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺកំណើនសេដ្ឋកិច្ចខ្ពស់ លើកកំពស់ជំហរក្នុងឆាកអន្តរជាតិ និងគោលនយោបាយ “គ្រប់ជ្រុងជ្រោយ ពហុទិសដៅ និងមានតុល្យភាព” ក្នុងបរិបទ ពិភពលោកដែលកំពុងបែងចែកប៉ូល។
កាសែតធំៗជាច្រើននៅអាមេរិកក៏បានចុះផ្សាយអត្ថបទអំពីអាជីពជាអ្នកដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក។
អត្ថបទក្នុងកាសែត Washington Post បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំប្រទេសវៀតណាមចូលទៅក្នុងដំណាក់កាលនៃការបើកសេដ្ឋកិច្ចកាន់តែខ្លាំងក្លា ហើយលោកក៏បានរឹងមាំជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយហេតុនេះជំរុញឱ្យមានទំនុកចិត្តរបស់សាធារណជនក្នុងការដឹកនាំរបស់បក្សលើសេដ្ឋកិច្ចវៀតណាម ដែលជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានភាពស្វាហាប់ខ្លាំងបំផុតនៅក្នុងតំបន់ ជាមួយនឹងវិស័យចាប់ផ្តើមធ្វើអាជីវកម្មដែលកំពុងរីកចម្រើន។
ទន្ទឹមនឹងនោះ កាសែត New York Times បានអត្ថាធិប្បាយថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំដ៏សាមញ្ញម្នាក់។ ក្រោមការដឹកនាំរបស់លោក វៀតណាមបានបង្កើនតួនាទីអន្តរជាតិរបស់ខ្លួន ហើយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់អាស៊ី៕
បកប្រែដោយ Duy Hoan