ខ្លឹមសារនៃសារទូរលេខ សារលិខិតរំលែកទុក្ខមានដូចខាងក្រោម៖

* ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ លោក Srettha Thavisin នាយករដ្ឋមន្រ្តី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្សចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ លោកនាយករដ្ឋមន្ត្រីថៃបានសម្តែងការកោតសរសើរចំពោះការរួមវិភាគទានដ៏សំខាន់ និងជាគំរូរបស់លោកអគ្គលេខាបក្សក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក៏ដូចជាក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងថៃ ជាពិសេសគឺការលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្សនៅប្រទេសថៃនៅឆ្នាំ ២០១៣។

* ថ្នាក់ដឹកនាំឥណ្ឌា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះការបាត់បង់ដ៏ធំធេងរបស់វៀតណាម ហើយសម្តែងការគោរពចំពោះជីវិត និងអាជីពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ ថ្នាក់ដឹកនាំឥណ្ឌាបានអះអាងថា នឹងប្រកៀកស្មាជាមួយថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Nguyen Phu Trong អគ្គលេខាបក្សក្នុងគ្រាដ៏ឈឺចាប់នេះ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស (រូបថត៖ chinhphu.vn)

* លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េខាងជើង បានអះអាងថា លោក Nguyen Phu Trong អគ្គលេខាបក្ស បានលះបង់អស់មួយជីវិតរបស់ខ្លួនដើម្បីការអភិវឌ្ឍរបស់បក្ស រដ្ឋវៀតណាម និងសុភមង្គលរបស់ប្រជាជនវៀតណាម ហើយខិតខំប្រឹងប្រែងជាច្រើនដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលកាលពីខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ លោកសង្កត់ធ្ងន់ថា ការរួមចំណែករបស់លោក Nguyen Phu Trong អគ្គលេខាបក្ស នឹងស្ថិតស្ថិរជារៀងរហូតក្នុងប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រជាជនវៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

*សារទូរលេខពីលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង សរសេរថា ខ្ញុំមានអារម្មណ៍សោកសៅជាទីបំផុតចំពោះដំណឹងមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សរបស់វៀតណាម។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះការបាត់បង់មេដឹកនាំជាទីគោរពរបស់ក្រុមគ្រួសារ និងប្រជាជនវៀតណាម។ សមិទ្ធផល និងបំណងប្រាថ្នារបស់លោកអគ្គលេខាបក្សដើម្បីការអភិវឌ្ឍរបស់វៀតណាម និងការជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូងនឹងស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរជារៀងរហូត។

*លោក Joe Biden ប្រធានាធិបតីអាមេរិក បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Nguyen Phu Trong អគ្គលេខាបក្សចំពោះការបាត់បង់ដ៏ធំធេងនេះ។ សាររបស់លោកប្រធានាធិបតី Biden សរសេរថា ដោយមានការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រទេសទាំងពីរបានមានចំណងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូនៅសព្វថ្ងៃនេះ។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រឆ្នាំ២០១៥ របស់លោកអគ្គលេខាបក្សនៅសេតវិមានគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ដោយសារមានចក្ខុវិស័យរបស់លោកអគ្គលេខាបក្ស ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋឆ្នាំ២០២៣ នៅទីក្រុងហាណូយរបស់ខ្ញុំ វៀតណាម និងសហរដ្ឋអាមេរិកបានក្លាយទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ"។ សហរដ្ឋអាមេរិក និងខ្ញុំផ្ទាល់នឹងចងចាំជានិច្ច និងវាយកតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកក្នុងការកសាងអនាគតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

*សារទូរលេខរបស់លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានសរសេរថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស។ កិច្ចពិភាក្សាជាមួយលោកអគ្គលេខាបក្សបានក្លាយជាព្រឹត្តិការណ៍ដែលមិនអាចភ្លេចបានសម្រាប់ខ្ញុំ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Nguyen Phu Trong ក្នុងការជំរុញទំនាក់ទំនងវៀតណាម-ជប៉ុន។

* លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។

លោក Antonio Guterres បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមតាំងពីឆ្នាំ ២០១១ មក លោក Nguyen Phu Trong គឺជាអ្នកដឹកនាំដែលមានតួនាទីសំខាន់របស់វៀតណាម។ ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស វៀតណាមបន្តអភិវឌ្ឍយ៉ាងរឹងមាំ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចមានកំណើនលឿនឈានមុខគេរបស់ពិភពលោក និងជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ។

លោក Dennis Francis បានកោតសរសើរចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស ជាអ្នកដឹកនាំដ៏ឧត្តុង្គឧត្តមដែលបានលះបង់អស់មួយជីវិតរបស់ខ្លួនដើម្បីមាតុភូមិ៕

បកប្រែដោយ Thuy Anh